អភិបាលខេត្តប៉ៃលិនដឹកនាំក្រុមការងារចុះ លើកទឹកចិត្តដល់កសិករឱ្យបង្កើនការដាំដុះបានកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារនិងផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក

ចែករំលែក៖

ខេត្តប៉ៃលិន÷ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ និងមន្ទីរជំនាញ ចុះពិនិត្យការដាំដុះ ផលដំណាំបន្លែប្រជាពលរដ្ឋតាមសហគមន៍ ក្នុងស្រុកសាលាក្រៅ ។

 លោកស្រីបានថ្លែងថា ÷រាជរដ្ឋាភិបាល បានជំរុញឱ្យពលរដ្ឋធ្វើការដាំដុះបន្លែបង្ការដែលមានរយៈពេលខ្លីបន្ថែមពីលើការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ។ ការខិតខំដាំដុះនេះបានផ្តល់នូវផលចំណេញ ដោយមិនត្រឹមតែសម្រាប់បំពេញតម្រូវការហូបចុកក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាអាចលក់ចេញទៅកាន់ទីផ្សារដើម្បីទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ។

លោកស្រី អភិបាលខេត្តបានបន្តថា ÷សព្វថ្ងៃនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មបានខិតខំប្រឹងប្រែងក្នុងការចងក្រងឯកសារដើម្បីបណ្តុះបណ្តាលដល់សហគមន៍កសិករ ហើយក៏បានជួយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់ផងដែរ ធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនទទួលបានផលច្រើន ចំណាយតិច ហើយមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ និយាយជារួមគឺឱ្យកសិករធ្វើការដាំដុះកាត់បន្ថយការប្រើប្រាស់ជីគីមី។

ជុំវិញការលើកទឹកចិត្តឱ្យមានការដាំដុះនេះលោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា បច្ចុប្បន្នទីផ្សារបន្លែល្អ ដាំបានគឺឈ្មួញកណ្តាលប្រមូលយកអស់ៗ មានពេលខ្លះប្រជាកសិករ សឹងតែផលិតមិនទាន់សម្រាប់បំពេញទីផ្សារថែមទៀតផង ដោយក្នុងនោះបន្លែទាំងអស់ដែលផលិតបានក្រៅតែពីលក់ក្នុងមូលដ្ឋានគឺមួយចំនួនធំត្រូវនាំទៅផ្គត់ផ្គង់ទីផ្សារនៅឯខេត្តនានាជាប់ព្រំប្រទល់ខេត្តប៉ៃលិន និងមានទៅដល់ រាជធានីភ្នំពេញ ពិសេសនៅតាមផ្សារទំនើបនានា ។

ក្នុងឱកាសនោះលោកស្រី បានលើកទឹកចិត្តដល់ប្រជាកសិករកាត់បន្ថយការប្រើជីគីមី ដោយផ្តល់ជាជីកំប៉ុស និងថវិកាមួយចំនួនផងដែរ ។ដោយ,ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print