រថយន្តព្រូសពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវព្រះមុនីវង្ស​បាក់មួយកង់​ ឯរថយន្តបង្កខ្ទេចពីមុខផ្នែកឆ្វេង

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តម៉ាក​ Toyota Prius មួយគ្រឿងក្នុងល្បឿនលឿន​ រួចរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរបាំងថ្មបាក់អស់មួយកង់​ រីឯរថយន្តបានរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០​ និង២០នាទីយប់​ ថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ កែងផ្លូវ១៨២​ ក្នុងសង្កាត់បឹងព្រលិត​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ។
​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញរថយន្តបង្កម៉ាក​ Toyota Prius ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2AB-9285 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៨២​ ទិសដៅពីលិចមកកេីត​ រួចមកដល់ផ្លូវព្រះមុនីវង្ស​ ក៏បានបត់ស្ដាំមកទិសខាងត្បូង​ បួងចង្កូតយ៉ាងលឿន​ ដោយមិនប្រយ័ត្នក៏ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរបាំងថ្មបាក់មួយកង់​ រីឯរថយន្តបង្កក៏ខ្ទេចមួយចំហៀងខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច​ ។ បន្ទាប់មកក៏ឃេីញបុរសម្នាក់បេីកទ្វាចេញពីរថយន្ត​ រួចឡេីងជិះឡំប្រឺតា​ បន្តដំណេីរទៅបាត់​ ដោយមិនរងរបួស​ ឬបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះឡេីយ​ ។
​ ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រួចសហការជាមួយសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print