ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំឡូត នៃអធិការដ្ឋាននរគបាលស្រុកសំឡូត ចុះល្បាត និងត្រួតពិនិត្យលើដងផ្លូវនិង បង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនចំនួន២នាក់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖ កាលពីយប់ថ្ងៃទី១៦ខែ កុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២និង៥០នាទីនៅចំណុចភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
របាយការណ៍ដដែលបន្តថា មុនពេលកេីតហេតុកម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រឿន សែន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន០១ថង់ ទម្ងន់ ៣.៤៩ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន។
- សម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួន
- ទូរស័ព្ទដៃចំនួន ០១គ្រឿង(ចាស់)
- ម៉ូតូចំនួន ០១គ្រឿង ម៉ាកអុិចសិនទ័រ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៥ គ្មានស្លាកលេខ ដែលមានលេខតួ-ម៉ាស៊ីន G3D4E-669437 ។
លុះដល់ថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៨និង៣០នាទីព្រឹកនៅចំណុចក្រុមទី០៣ ភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំឡូត នៃអធិការដ្ឋាននរគបាលស្រុកសំឡូតបង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ ករណីទៀតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ ម៉ុស ម៉ៃ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិបឹងរុន ឃុំសំឡូត ស្រុក សំឡូត ខេត្តបាត់ដំបង ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន០២កូនថង់ ទម្ងន់ ១.៦០ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន ។
ករណីទាំងពីរខាងលើនេះនគរបាលស្រុកកំពុងកសាងសំណុំរឿង បញ្ជូនមកផែនជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមផ្លូវ
ច្បាប់ហេីយ៕ ដោយ៖ អរុណរះ