ប្រភពព័ត៌មានពីមន្ត្រីប៉ាគីស្ថានបានបញ្ជាក់ថា មេដឹកនាំជាន់ខ្ពស់មួយរូបរបស់ក្រុមភេរវកម្មអាល់កៃដា បានស្ថិតក្នុងចំណោមក្រុមឧទ្ទាម៤នាក់ដែលត្រូវកម្លាំងប៉ូលិសប៉ាគីស្ថានវាយឆ្មកបាញ់សម្លាប់កាលពីពេលថ្មីៗនេះ ស្ថិតនៅភាគខាងកើតជិតទីក្រុង Lahore ។
មន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន Shuja Khanzada ទទួលបន្ទុកកិច្ចការនៅក្នុងខេត្ត Punjab បានបញ្ជាក់នៅក្នុងសន្និសីទកាសែត ដោយបានលើកឡើងឈ្មោះមេដឹកនាំជាន់ខ្ពស់ក្រុមអាល់កៃដានោះថា Abdali ដែលបានស្លាប់ក្នុងចំណោមបក្ខពួក៣នាក់ផ្សេងទៀត បន្ទាប់ពីប៉ុនប៉ងវាយប្រហារមកលើកម្លាំងរដ្ឋាភិបាលប៉ាគីស្ថាន ។
ប្រភពបានបញ្ជាក់ថា Abdali ជាមេដឹកនាំក្រុមឧទ្ទាមអាល់កៃដានៅក្នុងទឹកដីប៉ាគីស្ថាន មានសកម្មភាពសម្លាប់មនុស្ស និងវាយប្រហារមកលើរដ្ឋាភិបាលនាពេលកន្លងមក។ មេដឹកនាំអាល់កៃដាម្នាក់នេះត្រូវបានសម្លាប់ក្នុងចំណោមពួកឧទ្ទាម៣នាក់ផ្សេងទៀត ក្រោយពីមានការវាយឆ្មក់របស់កម្លាំងសន្តិសុខប៉ាគីស្ថានកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅកន្លែងលាក់ខ្លួនមួយក្នុងទីប្រជុំជន Ferozwala ប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុង Lahore ។
ក្រោយសកម្មភាពវាយឆ្មក់ សមត្ថកិច្ចប៉ាគីស្ថានបានរិបអូសកេះគ្រាប់កាំភ្លើង រំសេវផ្ទុះ មីស៊ីល និងអាវុធ អាកា ៤៧អេស្ស និងកុំព្យូទ័រលេបថប់ផងដែរ។
វត្តមានរបស់ក្រុមឧទ្ទាមអាល់កៃដានៅលើទឹកដីប៉ានគីស្ថាន រហូតមដល់ពេលនេះ គឺនៅតែមានពាស់ពេញប្រទេស មិនអាចរលត់រលាយសាបសូន្យទៅបាននោះទេ បើទោះបីមេដឹកនាំរបស់ពួកគេ លោក អូសាមា ប៊ិនឡាដេន ត្រូវកងទ័ពអាមេរិកវាយឆ្មក់សម្លាប់កាលពីឆ្នាំ២០១១ស្ថិតនៅទីក្រុង Abbottabad របស់ប៉ាគីស្ថានបែបណាក៏ដោយ។
ក្រុមឧទ្ទាមអិស្លាមជ្រុលនិយមមកពីតំបន់ភាគខាងលិចជិតព្រំដែនអាហ្វហ្គានីស្ថាន បានមកចូលរួមធ្វើសកម្មភាពនៅតាមតំបន់ខ្លះក្នុងទឹកដីប៉ាគីស្ថាន។ នេះបើតាមការបញ្ជាក់របស់កងកម្លាំងសន្តិសុខ។ កម្លាំងសន្តិសុខប៉ាគីស្ថានទាំងថ្មើរជើង និងទាំងនៅលើដែនអាកាស បានធ្វើប្រតិបត្តិការប្រឆាំង និងបោសសម្អាតក្រុមឧទ្ទាមឲ្យអស់ពីទឹកដីខេត្ត North Waziristan ។
ក្រុមយោធានិយាយថា ពួកគេបានសម្លាប់ក្រុមឧទ្ទាមរាប់រយនាក់ ៕
ប៉ាគីស្ថានវាយឆ្មក់សម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុមភេរវកម្មអាល់កៃដា
...