ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានចេញអនុក្រឹត្យស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន។
រាជរដ្ឋាភិបាលសម្រេច :
មាត្រា១ …របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែ និងដំឡើង ដូចខាងក្រោម៖
– កម្រិត១ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ៦៩០ ០០០ (ប្រាំមួយសែនប្រាំបួនម៉ឺន) រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧០ ០០០ (ប្រាំពីរសែនប្រាំពីរម៉ឺន) រៀល ក្នុង១(មួយ)ខែ
-កម្រិត២ របបសន្តិសុខសង្គមប្រចាំខែ ក្នុងចន្លោះចាប់ពី ៧៧០.០០១ (ប្រាំពីរសែនប្រាំពីរម៉ឺនមួយ) រៀល ដល់ត្រឹម ១ ០០០ ០០០ (មួយលាន) រៀល ត្រូវផ្ដល់ជូនបន្ថែមចំនួន
២០ ០០០ (ពីរម៉ឺន) រៀល ក្នុង១(មួយ)ខែ
– កម្រិត៣ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ១ ០០០ ០០១ (មួយលានមួយ) រៀល ដល់ត្រឹម ១ ០១០ ០០០ (មួយលានមួយម៉ឺន) រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ១ ០២០ ០០០(មួយលានពីរម៉ឺន) រៀល ក្នុង១(មួយ)ខែ
– កម្រិត៤ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ១ ០១០ ០០១ (មួយលានមួយម៉ឺនមួយ) រៀល ឡើងទៅ ត្រូវផ្ដល់ជូនបន្ថែមចំនួន ១០ ០០០ (មួយម៉ឺន) រៀល ក្នុង ១(មួយ)ខែ។ អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន ដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ខាងលើរួចមកហើយ ពុំអាចទទួលបានកម្រិតផ្សេងទៀតឡើយ។
– មាត្រា២ របបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជនប្រចាំខែ ដែលបានកំណត់ក្នុង មាត្រា១ ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
ការកែប្រែរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន ត្រូវធ្វើឡើងដោយ អនុក្រឹត្យ បន្ទាប់ពីការពិគ្រោះយោបល់រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមុខងារ សាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
មាត្រា៣ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ : សិលា