ខេត្តព្រះវិហារ៖ បេីយោងតាមការបញ្ជាក់ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានឱ្យដឹងថា តម្លៃដំឡូងមីនៅក្នុងខេត្តកំពុងតែល្អមែនទែនមកដល់ខែ កុម្ភៈនេះ ។ នេះបេីយោងតាមប្រភពព័ត៍មានពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) បានឱ្យដឹងនៅថ្ងៃសៅរ៍ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ពឹង ទ្រីដា បានថ្លែងបញ្ជាក់ថា៖“ មកដល់ពេលនេះ តម្លៃដំឡូងស្ងួត ប្រភេទចំណិតគឺឡើងដល់ជាង៩០០ រៀលនៅក្នុងមូយគីឡូក្រាម ដោយឡែកដំឡូង ស្រស់គឺចន្លោះពី ៣៧០ ទៅ៤២០ រៀលនៅក្នុងមួយគីឡូក្រាម ” ។
លោកប្រធានមន្ទីរខេត្តរូបនេះ បានបន្តថា តម្លៃដំឡូងមីននេះនៅកន្លែងខ្លះប្រជាពលរដ្ឋអាចលក់បាន ៩៣០ រៀល នៅក្នុងមួយគីឡូក្រាម កន្លែងខ្លះ ៩៥០ រៀល ហើយបើវាស្ងួតល្អ គឺកសិករយើងអាចលក់បានរហូតដល់ទៅ ៩៦០ រៀលនៅក្នុងមួយគីឡូក្រាម ។លោក បន្ថែមថា តម្លៃនេះគឺល្អមែនទែន ហើយកសិករមិនដែលទទួលបានទេនៅក្នុង រយៈពេលប្រមាណជា ១០ ឆ្នាំមកនេះ ។
ប្រធានមន្ទីរកសិកម្មរូបនេះ បានបន្តទៀតថា ជាមួយនឹងតម្លៃនេះបងប្អូនប្រជាកសិករនៅក្នុងខេត្តដែលបានដាំដំឡូង គឺកំពុងតែសប្បាយចិត្តមែនទែន ពីព្រោះថា ដំឡូងដែលដាំនៅក្នុងខេត្តព្រះវិហារ នេះកន្លែងខ្លះបានទិន្នផលពី ១០ តោនទៅដល់ ៥០ តោនក៏មាននៅក្នុងផ្ទៃដីមួយហិចតា។
លោកបានបន្តទៀតថា នៅពេលនេះបងប្អូនប្រជាកសិករសប្បាយចិត្តមែនទែន ហើយឈ្មួញថៃ ក៏ដូចជាឈ្មួញវៀតណាមបានចុះមកប្រមូលទិញអស់ៗតែម្តង ។
លោកប្រធានមន្ទីរ បានបន្ថែមទៀតថា កន្លងមកតម្លៃដំឡូងមី ដែលវាចុះមែនទែន គឺប្រភេទដំឡូងស្រស់បានចុះដល់ ១០០ រៀលនៅក្នុងមួយគីឡូក្រាម តែឆ្នាំនេះតម្លៃដំឡូងវាបានកើនឡើងប្រមាណជា ជាង៣ ដង ។
លោកបានបន្តថា សម្រាប់ដំឡូងកាលណាឡើងឫចុះតែបន្តិចគឺប្រាក់ចំណូលរបស់ប្រជាកសិករខុសគ្នាមែនទែន ដោយសារតែវាគឺជាប្រភេទដំណាំដែលផ្តល់ផលខ្ពស់។
ពាក់ព័ន្ធនឹងប្រភេទដំណាំដំឡូងមីនេះ លោកប្រធានមន្ទីរបានព្យាករណ៍ថា សម្រាប់ឆ្នាំក្រោយតម្លៃនៃដំឡូងមីនឹងបន្តកើនឡើងបន្ថែមទៀត ជាពិសេសនៅក្នុងអំឡុងពេលដែលប្រេងបន្តឡើងថ្លៃ ពីព្រោះដំឡូងមី ក៏អាចត្រូវបានគេកៃច្នៃជាអេតាណុល ដែលជាប្រភេទប្រេងជីវឥន្ធនៈម្យ៉ាង ហើយវាក៏ជាធនធានដ៏សំខាន់សម្រាប់ស្បៀង ជាពិសេសគឺម្សៅមី ។
សូមជម្រាបជូនថា មកដល់ពេលនេះ ដំឡូងមី គឺជាប្រភេទដំណាំកសិ-ឧស្សាហកម្មមួយប្រភេទដែលកំពុងតែបង្ករ បង្កេីន ផលដោយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារនៅលើផ្ទៃដីប្រមាណជា ៣២.០០០ ហិចតា ៕ដោយ៖សហការី