ខេត្តព្រះសីហនុ៖ នេះបេីតាមការបញ្ជាក់ពីមន្ត្រីអាជ្ញាធរមូលដ្ឋាន ឃុំស្ទឹងឆាយ បានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យបុរសជនជាតិចិនម្នាក់ស្លាប់ និងស្ត្រីម្នាក់ទៀតបានរបួសធ្ងន់ ដោយសារក្រឡាប់រថយន្តលើផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។
ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី ១៩ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតនៅត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៣៤,១៣៥ ក្នុងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុក កំពង់សិលា ខេត្តព្រះសីហនុ ។
ប្រភពដដែលបន្តថា មុនពេលកេីតហេតុ គេឃើញរថយន្តឡង់គ្រីសរ័ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AX1188 ធ្វើដំណើរពីភ្នំពេញ ឆ្ពោះមកក្រុងព្រះសីហនុ ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុបានផ្ទុះកង់ក្រោយ ក្រឡាប់ធ្លាក់ផ្លូវតែម្តង។
ក្រោយកេីតហេតុ គេឃើញរថយន្តសង្គ្រោះរបស់មណ្ឌលសុខាភាព តក្កវិទ ស្រុកកំពង់សិលា បានមកជួយសង្គ្រោះ និងដឹកសាកសពនិងជនរងគ្រោះទៅរក្សាទុក និងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីប្រគល់ជូនស្ថានទូតចាត់ចែងបន្ត។ ដោយឡែកជនរងគ្រោះពុំទាន់អត្តសញ្ញាណនោះទេ៕ដោយ៖សហការី