ប្រសាសន៍សំខាន់ៗ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត​ ២ពាន់នាក់

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានមានប្រសាសន៍សំខាន់ៗ​ នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និង​និស្សិតសាកលវិទ្យាលយធនធានមនុស្សចំនួន ១,៩៤៦ នាក់ ក្នុងនោះនិស្សិត នារី ១,០៣៣ នាក់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែង​ថា គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៧៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីប្រសិទ្ធភាព នៃវ៉ាក់សាំងកូវីដ-១៩ ដែលកម្ពុជាទទួលបានពីប្រភពផ្សេងៗគ្នា ជាពិសេសពីប្រទេសចិន ដែលធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងកូវីដ១ឲ-១៩បានយ៉ាងល្អប្រសើរ និងមានលទ្ធភាពបើកដំណើរការប្រទេស រួមមាន៖ សេដ្ឋកិច្ច និងសង្គមកម្ពុជាឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា នៅពេលនេះប្រជាជនកម្ពុជាអាចដើរហើរដោយគ្មានការព្រួយបារម្ភ ដែលមួយថ្ងៃៗ មានពិធីមង្គការ និងកម្មវិធីជួបជុំសប្បាយរីករាយជាច្រើន។

សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យពង្រាយការបណ្តុះបណ្តាលវិជ្ជាជីវៈដូនតារួមមាន៖ តម្បាញ ចម្លាក់ ស្មូន…។ល។ដល់គ្រឹះស្ថានសិក្សានានាដែលមានកម្មវិធីបណ្តុះបណ្តាលនេះស្រាប់មិនថា គ្រឹះស្ថាននោះជារដ្ឋ ឬឯកជនឡើយ។ វិជ្ជាជីវៈដូនតានេះ ទទួលការបណ្តុះបណ្តាលដោយមិនបង់ប្រាក់ ហើយថែមទាំងមានការឧបត្តម្ភគាំទ្រ (លុយ)ពីរដ្ឋថែមទៀត។

សម្តេចតេជោ បានថ្លែងការកោតសរសើរដល់សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងល្អ ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិតទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសចូលរួមត្រេកអរដល់និស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ ក្រោមការចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ជ និងទីផ្សារការងារ នៃសាកលវិទ្យាល័យធនធានមនុស្ស។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ជំនាញវិជ្ជាជីវៈមានសារៈសំខាន់ណាស់ សម្រាប់ឱកាសការងារនាពេលបច្ចុប្បន្ន ដូចជា៖ ចុងភៅ អគ្គិសនី ជាងមេកានិកជាដើម ហើយថែមទាំងទទួលបានប្រាក់ខែខ្ពស់ថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឱ្យពង្រឹង និងបង្កើនសមត្ថភាពលើជំនាញវិជ្ជាជីវៈ ដើម្បីឈោងទៅចាប់ឱកាសល្អៗថែមទៀត ទាំងវិស័យរដ្ឋ និងឯកជន កំពុងត្រូវការជំនាញវិជ្ជាជីវៈដ៏សំខាន់ទាំងនោះ។

សម្តេចតេជោ ថ្លែង​ថា នាពេលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើដំណើរយ៉ាងវែងឆ្ងាយក្រោយរំដោះឆ្នាំ១៩៧៩ ដែលពេលនោះ យើងមិនបានគិតអ្វីទាំងអស់ ក្រៅពីហូបឱ្យឆ្អែតក្រពះតែប៉ុណ្ណោះ។ សម្តេចបញ្ជាក់ថា «ពេលនេះ យើងគិតគូរគ្រប់បែបយ៉ាង លើសុវត្ថិភាពប្រជាពលរដ្ឋ ក្នុងនោះមានចំណីអាហារជាកត្តាចម្បង»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីឃ្លីបវីដេអូមួយត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម TIK TOK ពាក់ព័ន្ធគូស្នេហ៍ប្រកាន់វណ្ណៈមួយគូ ដោយសម្តេចបញ្ជាក់ថា ស្ថានភាពជាក់ស្តែង នៃសង្គមកម្ពុជាមិនដូច្នោះពេកទេ ហើយសម្តេចក៏បានអំពាវនាវ កុំឱ្យមានសម្តែងលើសហូសហេតុពីភាពពិតសង្គមជាក់ស្តែងពេក។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យគ្រប់ខេត្តទាំងអស់ មិនសំដៅតែនៅភ្នំពេញ, សៀមរាប, ព្រះសីហនុ, កំពត និងកែបនោះទេ សូមរួមគ្នារក្សាអនាម័យ សណ្តាប់ធ្លាប់សាធារណៈឱ្យបានល្អ ដើម្បីទទួលកីឡាករ និងភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានហៅការផ្សព្វផ្សាយ «ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយដល់តួកគី» គឺជាការប្រមាថដ៏ធ្ងន់ធ្ងរមកលើរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាជាតិ ដែលបញ្ហានេះ យើងមិនអាចអន់ឱនឱ្យបានឡើយ។

សម្តេតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃនេះតទៅ មិនមានការលើកលែងដល់ជនណាក៏ដោយ ដែលបានប្រមាថមើលងាយដល់ក្រុមគ្រួសារសម្តេច និងរាជរដ្ឋាភិបាល។ សម្តេចបញ្ជាក់ថា «បើជ្រុលតែអ្នកឯងហៅខ្ញុំជាមនុស្សអាងអំណាច ខ្ញុំនឹងប្រើអំណាចដើម្បីរកភាពត្រឹមត្រូវ ស្អាតស្អំ សម្រាប់ខ្លួនឯង»។

សម្តេចតេជោ ប្រកាសថា «ពួកគេមិនគ្រាន់ តែប្រមាថប្អូនថ្លៃខ្ញុំទេ តែគេថែមទាំងប្រមាថភរិយាខ្ញុំ ក្រុមគ្រួសារខ្ញុំ ក្នុងពេលដែលក្រុមគ្រួសារនេះ កំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយ ជីដូនម្តាយមីង ដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់»។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា «តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះឬទេ?​ បានជានៅស្ងៀមស្ងាត់ ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។សូមចាំទុក និងសូមឈប់និយាយពីស្តង់ដាពីរ ជាមួយរាជរដ្ឋាភិបាលតទៅទៀត»។​ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «ការបិទVODជាការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានកម្ពុជា»។ សម្តេចប្រកាសថា «សូមកុំគិតថា VODអាចរស់ឡើងវិញឱ្យសោះ»។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា «អារឿងវិទ្យុVODនេះ វាគ្មានថ្ងៃរស់ឡើងវិញ»។ មានអ្នកខ្លះមកឌឺថា «មិនទទួលយកក្របខណ្ឌរដ្ឋ សុខចិត្តធ្វើស្រែ ឡើងត្នោត» សូមធ្វើតាមចិត្ត ខណៈថ្ងៃឱសានវាទទទួលបុគ្គលិកVODចូលបម្រើការងាររដ្ឋ នឹងផុតកំណត់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ផែង វណ្ណះ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនស៊ីលុយបរទេស ទាមទារឲ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូតដល់វិទ្យុVODស្លាប់ដែលគ្មានពេលចាប់ជាតិ។

សម្តេចតេជោបញ្ជាក់ថា «ខ្ញុំមិនកាន់ជើង ផែង វណ្ណះ ទេ តែអ្វីដែលខ្ញុំមិនអស់ចិត្ត គឺប្អូនថ្លៃស្រីខ្ញុំ ក្រោយនាងស្លាប់ ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដង ប្រៀបជាមួយការដែល ផែង វណ្ណៈ និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់VOD។

សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ជនបរទេសទាំងឡាយ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយមិនបានដឹងរឿងពិតជាក់ស្តែង។ សម្តេចតេជោ​ ថ្លែង​ថា «បើបរទេសជួយបានមែន ម្លេះអាគណបក្សដែលងាប់ទៅយូរហើយ វារស់ឡើងវិញបាត់ទៅហើយ កុំថាឡើយអាវិទ្យុតូចតាចនេះ»។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់បុគ្គលឈ្មោះ ស៊ន ដារ៉ា ដែលជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេស សូមរក្សាតម្លៃជាអ្នកចេះដឹង ជាអ្នករៀនសូត្រ។ «ខ្លួនឯងចេះអីក៏ចេះទៅ តែសូមកុំប្រមាថអ្នកដទៃ»។

...

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់ប្រធានាធិបតីបារាំង អេម៉ាណូអែល ម៉ាក្រុង ពាក់ព័ន្ធការផ្សាយព័ត៌មានបំភ្លើសរបស់ក្រុមប្រឆាំងទុច្ចរិត ក្នុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ដែលបច្ចុប្បន្នពួកគេទាំងនោះក៏កំពុងរស់នៅប្រទេសបារាំងផងដែរ៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print