ប្រទេសទួរគីបានបញ្ឈប់ការងារជួយសង្គ្រោះនៅក្នុងខេត្តភាគច្រើន លើកលែងតែខេត្តចំនួនពីរដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការរញ្ជួយដីកាលពីថ្ងៃទី៦ ខែកុម្ភៈ។
នៅថ្ងៃទី ១៩ ខែកុម្ភៈ ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសទួរគី លោក Yunus Sezer បាននិយាយថា “ការងារស្វែងរកនិងជួយសង្គ្រោះបានបញ្ចប់នៅក្នុងខេត្តជាច្រើន ប៉ុន្តែនៅតែបន្តនៅក្នុងខេត្ត Kahramanmaras និង Hatay” ។ ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ កាលពីថ្ងៃទី ៦ ខែកុម្ភៈ បានកើតឡើងនៅក្នុងស្រុក Pazarcik ខេត្ត Kahramanmaras ។
លោក Sezer បាននិយាយថា ការងារស្វែងរកនិងជួយសង្គ្រោះកំពុងដំណើរការនៅអគារប្រហែល ៤០ក្នុងខេត្តចំនួនពីរគឺ ខេត្តKahramanmaras និង Hatay ប៉ុន្តែត្រូវបានគេរំពឹងថានឹងកាត់បន្ថយចំនួននេះចាប់ពីយប់ថ្ងៃទី ១៩ ខែកុម្ភៈ។
ទោះបីជាការងារជួយសង្គ្រោះនៅតែបន្តក្នុងខេត្តទាំងពីរនេះក៏ដោយ ប៉ុន្តែចាប់តាំងពីការជួយសង្គ្រោះសមាជិកគ្រួសារបីនាក់ចេញពីអគារបាក់រលំក្នុងខេត្ត Hatay កាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្រុមសង្គ្រោះមិនទាន់រកឃើញ និងជួយសង្គ្រោះជនរងគ្រោះណាមួយឡើយ។
លោក Sezer ក៏បាននិយាយផងដែរថា គិតត្រឹមយប់ថ្ងៃទី 19 ខែកុម្ភៈ ចំនួនមនុស្សស្លាប់នៅក្នុងប្រទេសទួរគីដោយសារតែការរញ្ជួយដីបានកើនឡើងដល់ 40.689 នាក់។ ចំនួនមនុស្សស្លាប់សរុបក្រោយការរញ្ជួយដីនៅទួរគី និងស៊ីរី គឺបានកើនឡើងដល់ ៤៦.៥៣០នាក់ ។
អភិបាលក្រុង Hatay លោក Lutfu Savas បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងខេត្តបន្ទាប់ពីការរញ្ជួយដីបានកើនឡើងដល់ 21.000 នាក់ ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសទួរគី បន្ទាប់ពីគ្រោះមហន្តរាយមកទល់ពេលនេះ។ លើសពីនេះទៀត ខេត្ត Hatay បានរាយការណ៍ថា មនុស្សប្រហែល 24.000 នាក់បានរងរបួសបន្ទាប់ពីការរញ្ជួយដី៕ ដោយធីរីណា
រូបថត : AP