ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដឹកនាំដោយប្រតិភូគណៈបញ្ជាការយោធាខេត្តប៊ិញភឿក បានជូនដំណើរក្រុមប្រតិបត្តិការជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម (k72) ដើម្បីបន្តសកម្មភាពជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជានៅលើទឹកដីខេត្តកំពង់ធំ ក្នុងជំហានទី២ដំណាក់ កាលទី២២ នៃរដូវប្រាំងឆ្នាំ២០២២-ឆ្នាំ២០២៣ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មា ធិការជំនាញរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តកំពង់ធំបានថ្លែងនូវការស្វាគមន៍ ចំពោះការមក ដល់និងដំណើរការបន្តក្នុងការស្រាវជ្រាវជីករុករកអដ្ឋិ ធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលជាកិច្ចការមនុស្ស ធម៌ រវាងរដ្ឋាភិបាលទាំងពីរកម្ពុជា-វៀតណាមដើម្បីស្រាវ ជ្រាវ និងជីករុករកបញ្ជូនអដ្ឋិធាតុទាំងនេះ ធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេល 20 ឆ្នាំកន្លងមកនេះក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម បានជីករុករកឃើញអធិធាតុនៅក្នុងខេត្តកំពង់ធំ បានចំនួន ១.១៤៧ អដ្ឋិធាតុ រួចមកហើយ។
លោកវរសេនីយ៍ឯកង្វៀនថាញ់រុនមេបញ្ជាការរងនៃគណៈបញ្ជាការយោធាខេត្តប៊ិញភឿក នៃកងទ័ពប្រជា ជនវៀតណាម បានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាជនកម្ពុជានៅខេត្តកំពង់ធំ ដែលកន្លង មកបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមបច្ចេកទេស (K72)ក្នុងការស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រ ចិត្តវៀតណាម និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ ដោយទទួលបានលទ្ធផលល្អ។
បន្ទាប់មកភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តសហការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅលើទឹកដីខេត្តកំពង់ធំក្នុងជំហានទី២ នៃដំណាក់កាលទី២២ ក្នុងរដូវប្រាំងឆ្នាំ២០២២ ឆ្នាំ២០២៣ នេះ ឲ្យទទួលបានជោគជ័យបន្តទៀត៕ ដោយ៖ សូរិយា