ខេត្តមណ្ឌលគិរី៖ ជិត១ឆ្នាំហើយដែលអាជ្ញាធរ រួមទាំងស្ថាប័នអយ្យការខេត្តមណ្ឌលគិរីបានចេញលិខិតជាលាយលក្ខអក្សរ ក៏ដូចជាសារព្រមានជាសាធារណៈឲ្យការដ្ឋានផលិតស៊ីម៉ង់ត៍លាយស្រេចដែល គេដឹងថា ជាកម្មសិទ្ធិរបស់ហាងលក់គ្រឿង សំណង់យីហោ “ឆៃលី ” ផ្អាកសកម្មភាពដោយតម្រូវឲ្យប្ដូរទីតាំងចេញពីភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ទៅកាន់ទីតាំងផ្សេង ។ ប៉ុន្តែរហូតមកដល់ ពេលនេះហាក់ដូចជាគ្មានអ្វីប្រែប្រួលសូម្បីបន្តិចឡើយ ផ្ទុយទៅវិញការដ្ឋានក្រឡុកស៊ីម៉ង់ត៍នេះបែរជាបង្កើនសកម្មភាពយ៉ាងក្តៅគគុកគគាក់ដែលជាការចំអកដ៍អាក្រក់បំផុតដល់វិធានការដែលមិនបានការរបស់អាជ្ញាធរ ។
ក្រុមអ្នកភូមិក្បែរនោះនិយាយថា ជាមួយការលុបអូរធម្មជាតិដើម្បីពង្រីកការដ្ឋានដោយគ្មានអាជ្ញាធរអើពើ ពួកគាត់ក៏បានទទួលរងការធ្វើទុក្ខបុកម្នេញជាយូរឆ្នាំ មកហើយពីការដ្ឋានមួយនេះ ដូចជាការហុយចេញនូវកម្ទេចធូលី ស៊ីម៉ង់ត៍ និងថ្ម ដែលធ្វើឲ្យប៉ះពាល់ដល់លំនៅឋាន និងប្រព័ន្ធដកដង្ហើម សំឡេងរំខាន ហើយពិសេសនោះគឺការបាក់រលំតៅស៊ីម៉ង់ត៍ដែលកសាងគ្មានបទដ្ឋានបច្ចេក ទេស១ក្នុងចំណោមតៅចំនួន ៣កាលពីអំឡុងខែ កក្កដា ឆ្នាំទៅ ដែលវាជាសញ្ញាហា និភ័យដ៏ខ្ពស់បំផុតសម្រាប់ជីវិតមនុស្ស ។
ការណ៍នេះគេកត់សម្គាល់ឃើញ ខាងអាជ្ញាធរសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ហើយក្រោយ មកក៏បានចេញលិខិតដាក់កំហិតឱ្យម្ចាស់ទីតាំងផ្អាកសកម្មភាព និងតម្រូវឲ្យរុះរើទៅកាន់ទីតាំងផ្សេងដោយមិនឲ្យលើសពី២សប្តាហ៍ឡើយ ។ ផ្ដើមចេញពីនេះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី តែងតែលើកយកមករិះគន់ជាបន្តបន្ទាប់តាមវេទិកាសាធារណៈ អំពីករណីចាក់ដីលុបអូរ និងការដែលលោកមិនចង់ឃើញការរដ្ឋានក្រឡុកស៊ីម៉ង់ត៍ប្រកបដោយសំឡេងក្ឌូងក្ឌាំងមានទីតាំងនៅក្នុងក្រុងជាដើម ។
ប៉ុន្តែបើទោះជាដូច្នេះក្ដីរហូតមកដល់ថ្ងៃនេះមានរយៈ ពេលជិតមួយឆ្នាំទៅហើយ ដែលពលរដ្ឋកត់សម្គាល់ឃើញថា អាជ្ញាធររស់តែមាត់ តែងាប់ត្រគាកស្ដូកមិនអាចធ្វើអ្វីកើត ឬក៏ការអះអាងរបស់អាជ្ញាធរមានន័យគ្រាន់តែជាការផ្លុំប៉ីឲ្យក្របីស្ដាប់តែប៉ុណ្ណោះ ៕ ដោយ៖ សូរិយា