ក្រុមសិទ្ធិមនុស្សនៅទីក្រុងសេអ៊ូល បានសរសេរថា មនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសកូរ៉េខាងជើង កូរ៉េខាងត្បូង ជប៉ុន និងចិន អាចត្រូវបានប៉ះពាល់នឹងវិទ្យុសកម្មពីទឹកក្រោមដីដែលមានមេរោគពីកន្លែងសាកល្បងនុយក្លេអ៊ែរក្រោមដីរបស់កូរ៉េខាងជើង។ នេះបើតាមក្រុមសិទ្ធិមនុស្សនៅទីក្រុងសេអ៊ូលបានសរសេរនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ។
យោងតាមរដ្ឋាភិបាលអាមេរិក និងកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានសាកល្បងអាវុធនុយក្លេអ៊ែរជាសម្ងាត់នៅឯកន្លែងសាកល្បង Punggye-ri ក្នុងខេត្ត Hamyong ក្នុងឆ្នាំ២០០៦ និង ២០១៧។
ការសិក្សាដោយក្រុមការងារយុត្តិធម៌អន្តរកាល បានផ្តល់យោបល់ថា សារធាតុវិទ្យុសកម្មអាចសាយភាយពាសពេញស្រុក និងទីក្រុងចំនួនប្រាំបីនៅជិតកន្លែងសាកល្បង ដែលមានប្រជាជនកូរ៉េខាងជើងជាង១លាននាក់រស់នៅ និងប្រើប្រាស់ទឹកក្រោមដីសម្រាប់ជីវិតប្រចាំថ្ងៃ។
ការសិក្សាបាននិយាយថា ប្រទេសជិតខាងរួមទាំងកូរ៉េខាងត្បូង ចិន និងជប៉ុនក៏អាចប្រឈមនឹងហានិភ័យផងដែរ ដោយសារតែផលិតផលកសិកម្ម និងអាហារសមុទ្រត្រូវបានរត់ពន្ធពីកូរ៉េខាងជើង។
ក្រុមស្រាវជ្រាវដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤បានធ្វើការជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត អ្នករត់ចោលស្រុក និងការស៊ើបការណ៍សម្ងាត់ប្រភពបើកចំហ និងការរាយការណ៍របស់រដ្ឋាភិបាលដើម្បីធ្វើការស្រាវជ្រាវ។ លោក Hubert Young-hwan Lee បានបញ្ជាក់ថា៖ «ការសិក្សានេះមានការជាប់ពាក់ព័ន្ធសំខាន់ដោយវាបង្ហាញថា ការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងមិនត្រឹមតែអាចគំរាមកំហែងដល់សិទ្ធិរស់រានមានជីវិត និងសុខភាពរបស់ប្រជាជនកូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រជាជនក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសជិតខាងផងដែរដែលរងផលប៉ះពាល់»៕ ដោយធីរីណា
រូបថត : tienphong.vn