អ្នកអាចស្អប់ភាពក្រ តែកុំស្អប់អ្នកក្រ ព្រោះគ្មាននរណាម្នាក់ចង់កើតមកក្រលំបាក តោកយ៉ាកនោះឡើយ ប៉ុន្តែអ្នកក្រអាចធ្វើជាមនុស្សល្អនឹងប្រើជីវិតឱ្យថ្លៃថ្នូរ

ចែករំលែក៖

ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះ ឃើញអ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គម facebook បានបង្ហោះ វីដេអូ ប្រមាណជា១នាទី ពីសកម្មភាព របស់កុមារាម្នាក់ អាយុប្រហែលជា១០ឆ្នាំស្តើង ចេះតស៊ូក្នុងជីវិត ជាកុមារឧស្សាហ៍ ព្យាយាម មិនបោះបង់ពេលវេលាចោលឡើយ គឺឆ្លៀតមុនពេលម៉ោងចូលរៀន លក់បន្លែតាមចិញ្ចើមផ្លូវ ដើម្បីស្វែងរកកម្រៃ ដោយសេចក្តីថ្លៃថ្នូរបំផុត កើតចេញពីឆន្ទះប្រើប្រាស់សមត្ថភាព បានប្រាក់ដោយការប្រឹងប្រែង ជួយខ្លួនឯង ជួយសម្រាលដល់ជីវភាពគ្រួសារ ។
បើតាមរយៈ facebook អ្នកខ្លះសរសេរថា, ក្មួយប្រុសមកលក់ពេលព្រលឹមអុរ នៅម្តុំស្តុបជិនណាន ហើយដល់ម៉ោងទៅរៀន ក្មួយក៏រៀបចំបន្លែដាក់លើកង់ រៀបចំសៀវភៅដាក់ក្នុងកន្តាប ដើម្បីទៅសាលា និងសរសើរថា ក្មួយជាក្មេងល្អ នឹងមានអនាគតរុងរឿង ។

ជុំវិញបញ្ហានេះ យើងអាចនិយាយបានថា ព្រោះតែចំណារនៃព្រហ្មលិខិត ឬអាចជាកម្មពីអតីតជាតិ ទើបមានអ្នកខ្លះកើតមកជីវភាពលំបាកជាងគេដូច្នេះហើយមនុស្សយើងម្នាក់ៗ អាចស្អប់ភាពក្របាន តែកុំស្អប់អ្នកក្រ ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ទោះយើងមិនអាចជ្រើសកន្លែងកើតបាន តែយើងអាចជ្រើសរបៀបនៃការរស់នៅឱ្យបានល្អ ទោះក្រ ក៏ត្រូវតែធ្វើជាមនុស្សល្អ ប្រើជីវិតឱ្យថ្លៃថ្នូរ។

មាន ឬក្រ មិនអាចបញ្ជាក់ពីតម្លៃនៃជីវិតរបស់បុគ្គលម្នាក់ៗបានទេ មានតែអត្តចរិត មារយាទ និងរបៀបនៃការរស់នៅ របត់នៃការប្រើជីវិតទេទើបអាចបញ្ជាក់ពីកម្រិតនៃសេចក្ដីថ្លៃថ្នូររបស់យើងបាន។ រៀនរស់នៅឱ្យបានល្អ ធ្វើជាមនុស្សថ្លៃថ្នូរ អត្តចរិត មារយាទសន្ដានល្អ ទោះយើងក្រ ក៏គ្មានអ្នកណាមកដៀលត្មេះមើលងាយ ឬជាន់យើងបាននោះឡើយ។

ត្បិតជីវិតកើតមកក្រលំបាកជាងគេ ដូច្នេះត្រូវតែចេះប្រឹងប្រែងតស៊ូឱ្យខ្លាំងជាងគេ មិនអាចបណ្ដែតបណ្ដោយទៅតាមព្រេងវាសនាបានទេ ក៏រឹតតែមិនអាចអស់សង្ឃឹម ដេករំពឹងចាំសំណាង ឬទេវតាមកជួយបានឡើយ។ យើងត្រូវចេះប្រឹងប្រែងជម្នះដោយខ្លួនឯង តស៊ូដោយខ្លួនឯងខ្លួនត្រូវទីពឹងខ្លួន គ្មាននរណាម្នាក់ អាចមកជួយយើងបានច្រើនជាង យើងចេះជួយខ្លួនឯងនោះទេព្រោះអ្នកដទៃ គេក៏រវល់ជួយជីវិតគេដូចគ្នា។
ធ្វើជាមនុស្សត្រូវចេះតស៊ូ ចេះខិតខំប្រឹងប្រែង​ ទាល់តែយើងរឹងមាំដោយខ្លួនឯង ទើបអ្នកដទៃគេមកជួយយើងតាមក្រោយ តែបើយើងទន់ជ្រាយកុំថាឡើយតែអ្នកដទៃ សូម្បីតែញាតិបងប្អូនយើង ក៏គេមិនមករវល់ជាមួយនឹងយើងដែរ កុំភ្លេចថា ពិភពលោកមួយនេះ មិនមានកន្លែងឈរសម្រាប់មនុស្សទន់ជ្រាយឡើយ ហើយក៏រឹតតែមិនស្វាគមន៍ មនុស្សដែលខ្ជិលច្រអូសអស់សង្ឃឹម និងមិនព្រមតស៊ូជម្នះលើព្រេងវាសនានោះឡើយ ។

ត្រឹមតែជាកូនអ្នកក្រខ្សត់ម្នាក់ បានត្រឹមប្រាប់ខ្លួនឯងឲ្យខំប្រឹ ងបន្តទៀត ដើម្បីអនាគតល្អប្រសើរជាងពេលនេះ។ កើតមកចំគ្រួសារក្រីក្រ មិនមែនជាកំហុស តែបើក្រហើយ មិនខំប្រឹងតស៊ូ ទើបជាការគួរឲ្យសោកស្តាយ។ ភាពក្រីក្រ ការលំបាកសព្វបែបយ៉ាងក្នុងជីវិត និងការខិតខំតស៊ូ ទាំងឡាយ បានបង្រៀនឲ្យមនុស្សចេះរឹងមាំ។
សូមជូនពរ អោយក្មួយមានសុខភាពល្អ ជោគជ័យ ក្នុងការរៀនសូត្រ ជាធនធានមនុស្ស សម្រាប់សរសរទ្រូង នៃប្រទេសជាតិ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print