ភ្នំពេញ : ការបង្ហោះតាមបណ្តាញសង្គមរបស់ ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចោទប្រកាន់យ៉ាងគឃ្លើនលើ ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងបាន ដោយមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ» និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះទណ្ឌិតអន្ធពាល សម រង្ស៉ី ដែលនៅតែបន្តប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមានយ៉ាងគឃ្លើននេះ។
យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាគាំទ្រ និងដង្ហែរតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ ជាទីគោរពសក្ការៈ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកព្រះទ័យស្នេហាជាតិដ៏ល្អបរិសុទ្ធ និងព្រះរាជតួនាទី ដ៏ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។
យើងខ្ញុំទាំងអស់គ្នាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែល ប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនយោបាយជ្រុល និយមរបស់ជនក្បត់ជាតិបីជំនាន់ឲ្យអស់ពីកម្ពុជាដើម្បីរក្សា សន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕
ដោយ : សហការី