ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២១ ខែកុម្ភៈកងកំទេចគ្រឿងផ្ទុះលេខ៩៨ ចំនួន៩៨នាក់ ក្នុងនោះមានស្ត្រីចំនួន១០នាក់ រួមនឹងសត្វសុខនហិតមីន និងគ្រឿងផ្ទុះកែច្នៃ២ក្បាល បានចេញបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA)។
ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា បានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិមួយចំនួន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា បានក្រើនរម្លឹកដល់កម្លាំងទាំងអស់ បន្តរួមសាមគ្គីគ្នាជាធ្លុង មួយ និងត្រូវគិតគូរពីសុវត្ថិភាពជាចម្បង ពិសេសអំឡុងពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមាន ឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ ក្រុមគ្រួសារ និងខ្លួនឯងផ្ទាល់។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេសដែលរងការហែកហួរដោយសារជម្លោះប្រដាប់អាវុធភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនីតិសម្បទារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហ ប្រជាជាតិ សំដៅកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បន្តថា រយៈពេល១៧ឆ្នាំនេះ កម្ពុជាបានទទួលស្នាដៃយ៉ាងធំធេងមានជាអាទិ៍៖ ការដោះមីន ការកំទេចគ្រាប់ មិនទាន់ផ្ទុះ ការស្ថាបនា សំណង់ ផ្តេក-បញ្ឈរ ផ្តល់ការ ការពារក្បួន និងសុវត្តិភាពជូន ឥស្សជនជាន់ខ្ពស់ក្នុង តំបន់បេសកកម្ម ចូលរួមក្នុង សកម្មភាពមនុស្សធម៌ ដូចជា៖ ផ្តល់ទឹកស្អាត ការព្យាបាល ផ្តល់សម្ភារសិក្សា។ល។ ដោយឥតគិត ថ្លៃជូនដល់ប្រជាពលរដ្ឋ ក្នុង តំបន់ បេសកកម្ម។ ទន្ទឹមនឹងនោះ ស្នាដៃរបស់ វីរយុទ្ធនារីកម្ពុជា នាចុងឆ្នាំ២០២២នេះ បន្តទទួលបានលំដាប់ថ្នាក់លេខ២ ក្នុងសហគមន៍អាស៊ាន និងលំដាប់លេខ១២ ក្នុងចំណោម១២៣ប្រទេស បរិច្ចាគកងកម្លាំង។
មកដល់ពេលនេះ កម្លាំងកម្ពុជាសរុបចំនួន ៨,៨៥៩នាក់ ក្នុងនោះនារី ចំនួន៦៨១នាក់ ចេញបំពេញ បេសកកម្មចំនួន១១ ក្នុង ប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណ រដ្ឋស៊ូដង់,ស៊ូដង់ខាងត្បូង,ឆាដ,អាហ្វ្រិកកណ្តាល,លីបង់ ម៉ាលី,ស៊ីរី,សាយប្រឺស និងយេមែន លើជំនាញបោស សំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរ ពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ កំទេចគ្រាប់ មិនទាន់ផ្ទុះនាយទាហាន សេនាធិការ និងសង្កេត ការណ៍យោធា។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារី ចំនួន១៣០នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕ ដោយ៖ សូរិយា