ខេត្តស្ទឹងត្រែង÷ ប្រជាកសិករដាំដំណាំស្វាយចន្ទីនៅតាមបណ្ដាស្រុកនៃខេត្តស្ទឹងត្រែង បានត្អូញត្អែរពីបញ្ហាដែលឆ្នាំនេះទិន្នផលគ្រប់ស្វាយចន្ទីធ្លាក់ចុះហើយឈ្មួញកណ្តាល ប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ ទម្លាក់ថ្លៃទធ្វើឲ្យប្រជាកសិករបាត់បង់ប្រាក់ចំណូលប្រមាណជិត ទៅ២០%។ ក្រុមប្រជាកសិករថា នៅដើមរដូវគ្រាប់ស្វាយចន្ទីមានតម្លៃ៦៨០០រៀលក្នុងមួយគីឡូក្រាម តែមកដល់ ខែកុម្ភៈនេះបានធ្លាក់តម្លៃត្រឹមតែ៥០០០ទៅ៥២០០រៀល និងពេលខ្លះមានតម្លៃតែជាង៤០០០រៀលក៏មានដែរ។
លោក ប៉ូ ស៊ីថា កសិកររស់នៅភូមិអូរលាងគ្រួស ឃុំក្បាលរមាស ស្រុកសេសាន បញ្ជាក់ថា រហូតមកដល់ថ្ងៃទី ២២កុម្ភៈនេះ គ្រាប់ស្វាយចន្ទីបានធ្លាក់តម្លៃស្ទើររៀងរាល់ថ្ងៃ។ ផលដំណាំឧស្សាហកម្មមួយនេះពីមួយឆ្នាំទៅមួយឆ្នាំឈ្មួញទិញចេះតែទម្លាក់ថ្លៃ។ លោកបន្តថា កាលពីដើមខែមករា គ្រាប់ស្វាយចន្ទីស្រស់ លក់បាន ៦៨០០រៀលក្នុង១គីឡូក្រាម។ តែមកដល់សប្តាហ៍ទី ៣ខែកុម្ភៈនេះ ឈ្មួញទិញទម្លាក់ថ្លៃនៅតែ ៥២០០ រៀល ឬ៥០០០រៀលខ្លះជាង ៤០០០រៀលក៏មាន។
ប្រជាកសិករថា បញ្ហានេះស្នើឲ្យស្ថាប័នពាក់ព័ន្ធជា ពិសេស មន្ត្រីមន្ទីរពាណិជ្ជកម្មនិងសភាពាណិជ្ជកម្ម ជួយតាមដានកិច្ចការងារទីផ្សារនេះផង ដើម្បីកុំឲ្យឈ្មួញកណ្តាលចេះតែដាក់តម្លៃតាមតែមាត់ថា ធ្វើឲ្យកសិករបាត់បង់ប្រាក់ចំណូល ខ្លះទៀតខាតទៅលើការចំណាយនិងការថែទាំជាច្រើនទៀត។
ចំណែកលោកសីហា រស់នៅឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងបាននិយាយថា ឆ្នាំនេះទិន្នផលស្វាយចន្ទីមិនល្អដូចបណ្ដាឆ្នាំមុនៗទេ។ រីឯតម្លៃក៏មិនថ្លៃដូចឆ្នាំមុនៗដែរ។ កសិករកំពុងប្រឈមនិងបញ្ហាជាច្រើនជាពិសេសបំណុលធនាគារ។
លោក ហេង ពេជ្រ អ្នកទទួលទិញគ្រាប់ស្វាយចន្ទីនៅក្រុងស្ទឹងត្រែងអះអាងថា គ្រាប់ស្វាយចន្ទីក្រុមហ៊ុនបានបែងចែកជាបីប្រភេទគឺគ្រាប់ពូជ M23 មានលេខ១និងលេខ២។ ចំណែកពូជ០៩គ្រាប់តូច គិតតម្លៃផ្សេងដែលតម្រូវទៅតាមទីផ្សារក្រៅប្រទេសដែលបានកំណត់ ព្រោះគ្រាប់ស្វាយចន្ទីមានគុណភាពខុសគ្នា ខ្លះរក្សារទុកមិន បានយូរបណ្តាលឲ្យខូចគុណភាព ទំរាំដឹកចេញទៅរោង ចក្រកែច្នៃ។
លោកទទួលស្គាល់ថា បច្ចុប្បន្នក្រុមហ៊ុនទិញគ្រាប់ស្វាយចន្ទីបានឲ្យតម្លៃទៅលើកត្តាពូជ ដូចជាពូជក្នុងស្រុកទិញតម្លៃជាង៤.០០០រៀលក្នុងមួយគីឡូក្រាម ចំណែកពូជ M២៣ មានតម្លៃជាង៥.០០០រៀល ព្រោះវាមានគុណភាពល្អគ្រាប់ធំ និងងាយស្រួលនាំយកទៅលក់បន្ត។
លោក កែវ ណារិទ្ធ ប្រធានមណ្ឌលសភាពាណិជ្ជកម្មក្រចេះ.ស្ទឹងត្រែង.រតនគីរី បញ្ជាក់ថា បញ្ហានេះសភាពាណិជ្ជកម្មបានប្រឹងប្រែងទាក់ទងក្រុមហ៊ុនប្រមូលទិញឲ្យមកបោះទីតាំងនៅតាមបណ្តាខេត្តនីមួយៗ និងតម្រូវ ឲ្យធ្វើកិច្ចសន្យាជាមួយសហគមន៍កសិករដើម្បីចុះកុង ត្រាទិញ ដើម្បីធានាតម្លៃទីផ្សារជូនកសិករយើង។
លោកបានសំណូមពរទៅកសិករដាំដំណាំស្វាយចន្ទី ត្រូវគិតពីគុណភាពផលិតផល ដើម្បីប្រកួតប្រជែងផ្នែកទីផ្សារ ជាពិសេសកសិករយើង ពេលដាំត្រូវជ្រើសរើសពូជល្អៗ យកទៅដាំដុះ ដើម្បីទទួលបានផលគ្រាប់ធំល្អ មានគុណភាពលក់បានថ្លៃ។
សួមបញ្ជាក់ថា ទីតាំងទិញផលគ្រាប់ស្វាយចន្ទីនៅខេត្តស្ទឹងត្រែងបច្ចុប្បន្នមានចំនួន៤កន្លែង ក្នុងនោះមានក្រុមហ៊ុនវៀតណាម២កន្លែង នឹងខ្មែរ២កន្លែងកំពុងប្រមួលទិញសម្រាប់នាំចេញទៅប្រទេសវៀតណាមតែមួយប៉ុណ្ណោះ៕