ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល ក្រោមបញ្ជាពីលោក វរសេនីយ៍ឯក ហង្ស មុនី អធិការខណ្ឌ ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលកំពុងសង្ងំលាក់ខ្លួនក្នុងភូមិព្រៃសំរោង ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយពីធ្វើសកម្មភាពកាប់ទៅលើ យុវជនជាកម្មកររោងចក្រម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ សឹងដាច់កចេញពីដងខ្លួន ព្រោះតែរឿងគំនុំ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យចាប់ខ្លួនបាន២នាក់ ទី១ ឈ្មោះ មុំ សុម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រៃសំរោង ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ទី២ ឈ្មោះ អុី ផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃសំរោង ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ពុំ ឆេងលីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រងរបួសត្រង់ក ធ្ងន់ធ្ងរ ។
គួររំលឹកផងដែរ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ កើតមានករណីហឹង្សាមួយ ដោយជនដៃដល់គ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំបិតបុ័ងតោ បានតាមកាប់ជនរងគ្រោះ ត្រង់ចំណុចផ្លូវជាតិលេខ៤ ខាងកើតផ្លូវរថភ្លើង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ គ្រាដែលជនរងគ្រោះកំពុងជិះម៉ូតូចេញពីធ្វើការរោងចក្រ វិលត្រឡប់ឆ្ពោះទៅផ្ទះជួល ហើយជនសង្ស័យនាំគ្នារត់គេចខ្លួនបាត់អស់ បន្សល់ទុកជនរងគ្រោះសន្លប់ដេកដួល ត្រូវបានកម្មកររួមការងារ ជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញ ប៉ុស្តិ៍រដ្ឋបាល ទៅសាកសួរដល់មន្ទីរពេទ្យ បើកការស្រាវជ្រាវ អស់រយៈពេល១សប្តាហ៍ ទីបំផុតតាមចាប់ខ្លួនបានជនដៃដល់២នាក់ នៅក្នុងភូមិព្រៃសំរោង ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
យោងតាមចម្លើយសារភាព ជនសង្ស័យពិតជាធ្វើសកម្មភាពកាប់លើជនរងគ្រោះពិតមែន ដើមចម ខឹងជនរងគ្រោះស្និទ្ធស្នាល ស្រឡាញ់នារីម្នាក់ ដែលពួកគេស្រឡាញ់ដែរ ។
ជនសង្ស័យទាំង២នាក់ត្រូវបាននាំខ្លួនទៅសាកសួរនៅផ្នែកជំនាញខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕ ដោយ៖សុខាសែនជ័យ