ប្រសាសន៍សំខាន់ៗ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានមានប្រសាសន៍សំខាន់ៗ​ក្នុងពិធីអញ្ជើញជាអធិបតីបិទសន្និបាតក្រសួងមហាផ្ទៃ ដែលធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ខាងក្រោមនេះ​ជាប្រសាសន៍សំខាន់ៗ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​៖

 សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជា​ នឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដសំខាន់ៗ ដូចជា ព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ព្រឹត្តិការណ៍ បោះឆ្នោតជាដើម ដូច្នេះសម្ដេចបានឱ្យក្រសួងមហាផ្ទៃត្រូវខិតខំសហការជាមួយភាគីពាក់ព័ន្ធរក្សានូវសុខសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ និងចរារណ៍ឱ្យបានល្អប្រសើរ។​ 

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ការផលិតគ្រឿងញៀន មានការកើនឡើងគួរឱ្យកត់សម្ភាល់ ដូច្នេះសម្ដេចតេជោឱ្យមានការពិនិត្យឡើងវិញចំពោះបញ្ហានេះ ពិសេសការផលិតគ្រឿងញៀនកែឆ្នៃ និងត្រួតពិនិត្យលើការចរាចរណ៍ចេញចូលលើបញ្ហាគ្រឿងញៀននេះ។ ជាមួយគ្នានេះសម្ដេចឱ្យគ្រប់គ្រងហត្ថពលកម្មបរទេសឱ្យបានល្អប្រសើរ និងឱ្យមានការចូលរួម​ពី​គ្រប់ភាគីពិសេសពលករបរទេស។

សម្ដេចតេជោ ថ្លែង​ថា បច្ចុប្បន្ននេះ ការងារថ្នាក់ខេត្ត ថ្នាក់ស្រុក គឺនៅមានស្រ្ដីតិចពេកហើយ។ សម្ដេច ណែនាំឱ្យមានការតែងតាំងស្រ្ដីជាអភិបាលរងយ៉ាងតិច២-៣ នាក់។ សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្ដល់អំណាចដើម្បីឱ្យមូលដ្ឋានអាចជ្រើសរើស ប៉ុន្ដែការស្នើមកនោះ មិនមានការស្រ្ដីច្រើនឡើយ។ សម្ដេចបញ្ជាក់ថា មន្រ្ដីមូលដ្ឋានមិនគួរមានការខ្វះខាតស្រ្ដីនោះទេ។ គ្រូបង្រៀន សាស្រ្ដាចារ្យ គឺជាមូលដ្ឋាន ក្នុងការជ្រើសរើសជាអភិបាលរងខេត្ត ស្រុក ដែលការងារនេះអាចផ្លាស់ប្ដូរក្របខណ្ឌបាន។

សម្ដេចតេជោ បានប្រកាស​ពីទាក់ទង​ នឹង​ការផ្ទេរអំណាចទៅមូលដ្ឋាន សម្ដេចស្នើកុំ​ឱ្យភ័ន្តច្រឡំទៀតថា ការផ្ទេរតួនាទី​នៅថ្នាក់ខេត្ត គឺជាតួនាទីរបស់ក្រសួងមហាផ្ទៃ ជាអ្នកផ្ដល់​ការតែងតាំងតួនាទីដល់មន្រ្ដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្ដេច​ ថ្លែង​ថា​ រដ្ឋបាលថ្នាក់ក្រោមជាតិ គឺស្ថិតនៅក្រោមរាជរដ្ឋាភិបាល ដែលក្រសួងមហាផ្ទៃ ទទួលបានការផ្ដល់តួនាទីក្នុងការមើលការខុសត្រូវប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសឱ្យរួមគ្នាកម្ចាត់ចោលនូវរាល់ព័ត៌មានក្លែងបន្លំ ដែលព័ត៌មានក្លែងបន្លំនេះអាក្រក់ និងសាហាវ ដែលផ្ទុយពីសិទ្ធិបញ្ចេញមតិ ដូច្នេះការបង្កើតឆាណែលតេឡេក្រាម គឺជាផ្នែកមួយដើម្បីឆ្លើយតបទាន់ពេលចំពោះករណីមានព័ត៌មានក្លែងក្លាយកើតឡើង។

សម្ដេចតេជោ ថ្លែងថា​ កាជ្រើសរើសមន្រ្ដីនេះ សម្ដេចស្នើឱ្យយកមន្រ្ដីក្របខណ្ឌស្រាប់ ដូចជាសាស្រ្ដាចារ្យ គ្រូបង្រៀន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ទី១២ បូក២ ជាដើម។ សម្ដេចបញ្ជាក់ថា បើចង់ឱ្យមានការលើកតំកើនស្រ្ដីនៅគ្រប់តួនាទី គឺត្រូវតែចូលរួមដោយខ្លួនឯងមន្រ្ដីនៅថ្នាក់មូលដ្ឋាន។ សម្ដេចបញ្ជាក់ថា ការផ្ដល់តួនាទីដល់ស្រ្ដីនេះ​ក៏ត្រូវផ្ដល់ការងារផងដែរ។

សម្ដេចតេជោ ស្នើឱ្យគ្រប់ស្ថាប័ន និងតាមបណ្ដាខេត្តរាជធានី បង្កើតឆាណែលតេឡេក្រាម​បន្ថែមមួយទៀត ដូចជាករណីខ្លះ អាចបំភ្លឺបានតាមរយៈ​តេឡេក្រាមនេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ថា ក្នុងកិច្ចគាំពារដើម្បីរក្សាលំនឹងដល់ជីវភាពគ្រួសារក្រីក្រ រាជរដ្ឋាភិបាលបានដាក់ចេញនូវ​ការ​ឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះ និងរងហានិភ័យនានាផងដែរដើម្បីជួយដល់ប្រជាពលដ្ឋ ដែលមកដល់ពេលនេះ រដ្ឋាភិបាលបានចំណាយថវិកាអស់ជាង ១ ពាន់លានដុល្លាររួចទៅហើយ។

សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ថា ក្នុងកិច្ចគាំពារដើម្បីរក្សាលំនឹងដល់ជីវភាពគ្រួសារក្រីក្រ រាជរដ្ឋាភិបាលបានដាក់ចេញនូវការ​ឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះ និងរងហានិភ័យនានាផងដែរដើម្បីជួយដល់ប្រជាពលដ្ឋ ដែលមកដល់ពេលនេះ រដ្ឋាភិបាលបានចំណាយថវិកាអស់ជាង ១ពាន់លានដុល្លាររួចទៅហើយ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print