លោកឃួង ស្រេង ជំរុញឲ្យ មន្ដ្រីខណ្ឌ សង្កាត់ និងមន្ដ្រីពាក់ព័ន្ធផ្សេងទៀត ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានខ្លួនឲ្យបានល្អប្រសើរបំផុតជៀសវាងបាតុភាពអសកម្ម

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញ មន្ដ្រីខណ្ឌ សង្កាត់ និងមន្ដ្រីពាក់ព័ន្ធផ្សេងទៀត ត្រូវបន្ដការងារបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ទទួលបានការជឿទុកចិត្តពីពួកគាត់កាន់តែខ្លាំងឡើង នោះ ក្នុងនាម មន្ដ្រីបម្រើរាស្រ្ដ នឹងប្រើប្រាស់គ្រប់វិធានការ ដុសក្អែល តម្រង់ទិស មន្ត្រីទាំងអស់នៅថ្នាក់ ក្រោមជាតិ ដើម្បីអនុវត្តការងារលើការផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យ បានទាន់ពេលវេលានិងមានតម្លាភាព ហើយ ការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក៏ជាការងារចំបង ដែលយើងទាំងអស់គ្នារួមគ្នាធ្វើផងដែរ។​

   លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំការពង្រឹងការងារ ផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញ-ចូលតែមួយ ជូនប្រជាពលរដ្ឋនៅថ្នាក់ខណ្ឌ និងសង្កាត់ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥និងស្មៀន នៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។

      លោកបានមានប្រសាសន៍លើកឡើងថា៖ ការបង្កើតច្រក ចេញចូលតែមួយ យើងមានគោលបំណងតែមួយគត់ នោះគឺបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលានិងមានតម្លាភាព។ដូច្នេះ មន្ត្រីដែលជាប្រតិបត្តិករទាំងអស់ ត្រូវរួមគ្នាធ្វើ ដើម្បីបំរើប្រជាពលរដ្ឋ អោយបានល្អ  រាប់តាំងពីពាក្យសំដីឡើងទៅ។

  លោក ឃួង ស្រេង បានបន្តទៀតថា ការកោះហៅអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ និងស្មៀន មកប្រជុំពេលនេះ គឺមានបំណងកោតសរសើរបងប្អូន ជាមន្ត្រីរបស់យើង ដែលបានបំពេញការងារបានយ៉ាងល្អជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការងារបំរើប្រជាពលរដ្ឋ រហូតទទួលបានការជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់គ្នា ។ កិច្ចប្រជុំនេះ លោកក៏បានបំណង ណែនាំដុសក្អែល តម្រង់ទិសចំពោះមន្ត្រីរបស់យើងមួយចំនួនផងដែរ ដើម្បីអោយមន្ត្រីទាំងអស់ នៅថ្នាក់ក្រោមជាតិ អនុវត្តការងារលើការផ្តល់សេវាជូនប្រជាពលរដ្ឋ អោយកាន់តែល្អ ទាន់ពេលវេលានិងមានតម្លាភាពជាមួយនិងការរក្សាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ។ 

    លោកបញ្ជាក់ថា នៅពេលខាងមុខនេះ លោកនិងដាក់កម្លាំងបង្កប់ជាប្រជាពលរដ្ឋ ទៅទទួលសេវា ពីមន្ត្រីរបស់យើង ដើម្បីអោយដឹងថា មន្ត្រីរបស់យើងបំរើប្រជាពលរដ្ឋបានល្អក្នុងកម្រិតណា ។ ក្នុងនាមជាមន្ត្រី ត្រូវកែប្រែឥរិយាបទពីពេលនេះទៅ ។នៅពេលមានបញ្ហា កុំថា អភិបាលរាជធានីភ្នំពេញ មិនបានណែនាំជាមុនអោយសោះ។ 

   លោកឃួង ស្រេង បានបន្ថែមទៀតថា ល្បែងស៊ីសងគ្រប់ប្រភេទ គឺមិនអនុញ្ញាតិអោយមានជាដាច់ខាតនៅក្នុងផ្សារនានានៅក្នុងរាជធានីភ្នំពេញ កុំថាឡើយ ល្បែងឡូតូដែលស្របច្បាប់ ក៏មិនអោយមានដែរ ។ បើរកឃើញថា នៅក្នុងផ្សារណាមួយមានល្បែងស៊ីសងនោះ ប្រធានផ្សារនឹងមានបញ្ហាមិនខានឡើយ៕      

         សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print