ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីចោរកម្ម និងទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ។ នេះបេីតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៩និង៣០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថា មានជនមិនស្គាល់អត្តសញ្ញាណលួចម៉ូតូ០១គ្រឿង ម៉ាក Honda Dream ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1E-1686 នៅចំណុចក្រុម១៧ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង០០និង៣០នាទី ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏ប្រទះឃើញជនសង្ស័យមានភិនភាគដូចក្នុងកាមេរ៉ាសុវត្ថិភាព នៅចំណុចភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់ពីឃើញជនសង្ស័យ សមត្ថកិច្ចក៏ហៅមកសាកសួរ ហើយជនសង្ស័យក៏បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើមែន ។ ក្រោយពីការសាកសួរជនសង្ស័យ សមត្ថកិច្ចជំនាញបានបន្តឃាត់ខ្លួនជនដែលទទួលផល(បញ្ជាំ)ម្នាក់ទៀតផងដែរ ។
ជនរងគ្រោះឈ្មោះ ហ៊ូ រ៉ាវុធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យឈ្មោះ ហុក ស្រីណា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្ថិតក្នុងភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ ចំណែកអ្នកទទួលផល(បញ្ចាំ)ឈ្មោះ អឿប ភារម្យ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ០២ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងដែលដកហូតបាន ម៉ូតូ១គ្រឿងម៉ាក Honda Dream ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1E-1686 ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២ និងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធី ៕ ដោយ៖សហការី