ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃសៅរ៍ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានអំពីករណីប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ ដែលមានការពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់ធនាគារឯកជន។
ជាក់ស្ដែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប អំពីករណី ប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ ដែលមានការពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ឋិស្របច្បាប់របស់ធនាគារ កាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជូនដូចតទៅ៖
ទីតាំងដីស្ថិតនៅក្នុងភូមិសាស្ត្រឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កន្លងមកបានចេញប័ណ្ណសម្គាល់ សិទ្ធិប្រើប្រាស់ដីធ្លី និងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៩ ហើយម្ចាស់ ដីដែលមានប័ណ្ណសម្គាល់សិទ្ធិនីមួយៗ បានធ្វើការកាន់កាប់ និងគ្រប់គ្រងដីជាបន្តបន្ទាប់រហូតមក។ លុះដល់ឆ្នាំ២០០៦ រាជរដ្ឋាភិបាលបានកំណត់យកផែនទីគម្របព្រៃឈើឆ្នាំ២០០២ ធ្វើជាគោល ក្នុងនោះផ្ទៃដីមួយផ្នែកក្នុងខេត្តព្រះសីហនុ ក៏ស្ថិតនៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ផងដែរ។
ដោយឡែកចំពោះករណីប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ ដែលមានពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ឋិស្រប់របស់ធនាគារ កាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រវត្តិដើមជាដីរបស់ឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី មានប័ណ្ណកម្មសិទ្ធិ ចំនួន ០៣ប័ណ្ណរួមមាន៖ លេខ CH-0532, C−0533, CH-0534 ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៤។ ប៉ុន្តែនៅអំឡុងឆ្នាំ ២០១៩ មានក្រុមមេខ្យល់បានបំផុសបំផុលប្រជាពលរដ្ឋ ឱ្យចូលទន្ទ្រានកាន់កាប់លើទីតាំងដីខាងលើ ដោយសំអាងថា ទីតាំងដីខាងលើនេះជាដីរបស់រដ្ឋ។ ការទន្ទ្រានយកដីនេះបានបង្កើតជារូបភាពលក់ទិញ និងផ្ទេរសិទ្ធិពីបុគ្គលម្នាក់ ទៅ បុគ្គលម្នាក់ទៀត ដោយឯកសារពុំមានលក្ខណៈគតិយុត្ត ហើយក្រុមអនាធិបតេយ្យទាំងនោះបានប្រើប្រាស់ឯកសារ ដែលបានបង្កើតឡើងនេះ ទៅដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរ ពាក់ព័ន្ធ និងស្ថាប័នថ្នាក់ជាតិ ដើម្បីស្នើសុំកាត់ ឆ្កៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់។ លុះដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុលេខ ២១ត.រ/២០ បង្គាប់ឱ្យឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី ប្រគល់អចលនវត្ថុចំនួន ០៣ប័ណ្ណខាងលើ ឱ្យទៅ ធនាគារកាណាឌីយ៉ា ។
ក្រោយ ទទួលបានសិទ្ធិតាមដីកាសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ ធនាគារកាណាឌីយ៉ា បានស្នើទៅក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ សុំកាត់ឆ្កៀលដីចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុបយោគជាដីឯកជន របស់រដ្ឋ និងផ្តល់កម្មសិទ្ធិ។ ក្រោយមកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៨០ អនក្របក សម្រេចកាត់ឆ្កៀលដីចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ និងប្រគល់ជូនធនាគារកាណាឌីយ៉ា គ្រប់គ្រងជា កម្មសិទ្ធិ។ បន្ទាប់ពីទទួលបានអនុក្រឹត្យពីរាជរដ្ឋាភិបាល ធនាគារកាណាឌីយ៉ា បានស្នើសុំចុះបញ្ជីដីតាមនីតិវិធី ហើយបានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ០២ប័ណ្ណ លេខ ១៨០២០៣០១-០០២៩ និង ១៨០២០៣០១-០០៣០ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។
ក្រោយទទួលបានកម្មសិទ្ធិស្របច្បាប់ ធនាគារកាណាឌីយ៉ា រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានខិតខំធ្វើ ការសម្របសម្រួលដើម្បីដោះស្រាយគោលនយោបាលផ្ដល់ដីឡូត៍ជូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅ និងអាស័យ ផលជាក់ស្ដែងលើទីតាំងដី។ ជាលទ្ឋផលបងប្អូនប្រជាពលរដ្ឋមួយចំនួនធំបានឯកភាពទទួលយក និងនៅសល់ប្រជា ពលរដ្ឋមួយចំនួនតូច នៅបន្តជឿតាមការញុះញង់ពីសំណាក់មេក្លោង និងមេខ្យល់ ដែលបានធ្វើសកម្មភាពញុះញង់ បំផុសបំផុលឱ្យប្រជាពលរដ្ឋ នៅបន្តការទន្ទ្រានកាន់កាប់លើដីកម្មសិទ្ធិរបស់អ្នកដទៃ ពុំទាន់ទទួលយកគោលការណ៍ ដោះស្រាយក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឈប់ចាញ់បោកការឃោសនា របស់ក្រុមមេខ្យល់ឱ្យចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីកម្មសិទ្ធិឯកជន។
រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះក្រុមមេខ្យល់ដែលមានបំណង បង្កចលាចល បំផុសបំផុល ចលនាអនាធិបតេយ្យចូលទន្ទ្រានដីរដ្ឋ និងដីកម្មសិទ្ធិឯកជន នៅលើទឹកដី នៃខេត្តព្រះ សីហនុ ដោយគ្មានការលើកលែងឡើយ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប៕ ដោយ៖សហការី