ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, គ្មាននរណាទៅវិនិយោគនៅប្រទេសដែលគ្មានសន្តិភាព និងគ្មានស្ថិរភាពនយោបាយនោះទេ ហើយសុខសន្តិភាព គឺជាកត្តាហុចផលដល់ប្រជាជនយ៉ាងពិតប្រាកដ និងមានអ្នកវិនិយោគ។
សូមបញ្ជាក់ថា, ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានប្រទេសណា គេទៅវិនិយោគនៅប្រទេស ដែលគ្មានសន្តិភាព និងគ្មានស្ថិរភាពនយោបាយនោះទេ ហើយសុខសន្តិភាព គឺជាកត្តាហុចផលដល់ប្រជាជនយ៉ាងពិតប្រាកដ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ទេ នោះប្រទេសកម្ពុជា នឹងមានការរីកចម្រើនយ៉ាងខ្លាំងជាក់ជាមិនខាន ហើយពេលនោះ ប្រជាពលរដ្ឋកម្ពុជា ក៏អាចមានប្រាក់ចំណូលច្រើនជាងប្រជាជនប្រទេសកូរ៉េខាងត្បូងទៅទៀត តែពេលនេះកូរ៉េខាងត្បូងបានទៅមុខយ៉ាងឆ្ងាយ ដោយសារកំហុស នៃការធ្វើរដ្ឋប្រហាររបស់ លន់ នល់។
ស្របពេលដែលក្រុមជ្រុលនិយម តែងតែបង្កើតព័ត៌មានក្លែងក្លាយ និយាយលាបពណ៌ពីកម្ពុជា ក៏ដូចជាចង់ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនាន់នេះអ្នកបង្ក្រាបសម្ដេច គឺមិនទាន់កើតចេញពីពោះម្ដាយនៅឡើយទេ ហើយបើអ្នកមិនទាន់ចេះនយោបាយទេ សូមកុំចង់ធ្វើនយោបាយ៕
ដោយ : សិលា