កណ្ដាល៖ ចោរប្លន់ប្រដាប់អាវុធ៣នាក់បានធ្វើសកម្មភាពភ្ជង់ប្លន់អ្នកគួកជេរដីយកអស់ប្រាក់ប្រមាណ ៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងគ្រឿងអលង្ការមួយចំនួនរួចគេចខ្លួនដោយសុវត្ថិភាព ។ ករណីភ្ជង់ប្លន់នេះកើតឡើងកាលពីវេលាម៉ោង១ទៀបភ្លឺថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។
ប្រភពពីមន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះក្នុងអំពើប្លន់ឈ្មោះ ឆន វណ្នី អាយុ៣១ឆ្នាំ មុខរបរកសិករ និងអ្នកគួកជេរដី មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកឯក្រុមចោរមានគ្នា ៣នាក់មិនស្គាល់អត្ដសញ្ញាណប្រដាប់ដោយកាំភ្លើងខ្លី២ដើមមិនស្គាល់ម៉ាក ។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង១២រំលងអធ្រាតបានបើកទ្វាចេញមកក្រៅផ្ទះ ខណៈនោះស្រាប់តែមានក្រុមជនសង្ស័យ៣នាក់ប្រដាប់ដោយកាំភ្លើងខ្លី២ដើមមកភ្ជង់ខ្លួនឲ្យដើរចូលទៅក្នុងផ្ទះវិញ ពេលទៅដល់ក្នុងផ្ទះជនសង្ស័យបានគំរាមឲ្យខ្លួនបិទប៉ារ៉ែតភ្លើង ។ បន្ទាប់មកក្រុមជនសង្ស័យបានរើកកាយយកលុយនិងគ្រឿងអលង្កាមួយចំនួនរួចភ្ជង់ខ្លួនដើរចេញទៅក្រៅផ្ទះ ហើយចងខ្លួននៅក្បែមាត់ស្រះទើបជនក្រុមជនបាននាំគ្នាគេចខ្លួនបាត់ស្រមោល ។
ជនរងគ្រោះបន្ដថា ប្រាក់ដែលត្រូវបានក្រុមចោរយកទៅនោះមានចំនួន ៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក, ខ្សែកមាសទម្ងន់ ១តម្លឹង១ជី និងចិញ្ចៀនមាស១វង់ទម្ងន់១តម្លឹង ។ ជនរងគ្រោះបញ្ជាក់ថា លុយ ៧ម៉ឺនដុល្លារសហរដ្ឋអាមេរិកនេះរូបគេទើបតែគួកជេរទិញលក់ដីបានពីពេលថ្ងៃយប់ឡើងក៏ត្រូវចោរប្លន់តែម្ដង ។
ពាក់ព័ន្ធករណីខាងលើនេះ លោក សោម សីហាក់ អធិការនគរបាលស្រុកមុខកំពូលបានបញ្ជាក់ថា ករណីនេះលោកកំពុងសហការជាមួយជំនាញខេត្ដបើកការស៊ើបអង្កេតស្រាវជ្រាវ ព្រោះមានចំណុចខ្លះនៅពុំទាន់ស៊ីសង្វាក់គ្នានៅឡើយ ។ សង្ស័យទៅលើជនរងគ្រោះប្រឌិតរឿងកេងប្រវ័ញ្ចលុយពីអ្នករកស៊ីជាមួយតែនៅពុំទាន់បានលទ្ធផលនៅឡើយទេ ខណៈដែលសមត្ថកិច្ចកំពុងសួរជនរងគ្រោះជុំវិញករណីនេះបន្ថែមទៀត ។ ព័ត៌មានលំអិតយ៉ាងណានោះនឹងដឹងច្បាស់នៅពេលសាកសួរជនរងគ្រោះចប់ ៕
ដោយ៖ ជឺ តុងឡេង