ភ្នំពេញ : អបអរសាទរ ពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ស្តីពីការបង្កើត សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា បានធ្វើឡើង នៅអគារសេរីភាព នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា, (ស.ស.ស.ក) ក្រោមអធិបតីភាព លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចូលរួមពីសមាគមអ្នកសារព័ត៌មានសរុបទាំងអស់ចំនួន ១៤អង្គភាព ដើម្បីការបង្កើត សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា។
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា, សមាគមសារព័ត៌មានកម្ពុជា ចំនួន១៤ រួមគ្នាចងសម្ព័ន្ធភាព ហើយពិធីចុះ អនុស្សារណៈ បានប្រព្រឹត្តិទៅនៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ថ្ងៃនេះ ចាប់ពីម៉ោង១០:០០ព្រឹកតទៅ ដោយមានតំណាងចូលរួមប្រមាណ២០០នាក់។ លោកបន្តថា, នេះគឺជាលើកទី១នៅក្នុងទំព័រប្រវត្តិសាស្ត្រវិស័យនេះ ដែលមានការរួមខាង ទស្សនៈ និងសកម្មភាព នៅក្នុងទ្រង់ទ្រាយទូលំទូលាយបែបនេះ។ លោកបញ្ជាក់ថា, ការបង្កើត សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា នេះឡើងមិនមែនយើងទៅប្រណាំងប្រជែង យកឈ្នះលើអ្នកណាទេ សំខាន់រួមគ្នាធ្វើកិច្ចការព័ត៌មាន ទាំងអស់គ្នា ខណៈបច្ចុប្បន្នភាព ព័ត៌មានមិនត្រឹមតែនៅលើកាសែតទេ គឺព័ត៌មាន មានគ្រប់ទីកន្លែង ប្រជាពលរដ្ឋ អាជីវករ ស្ថាប័នរដ្ឋ រាជរដ្ឋាភិបាល ជាដើម សិទ្ធតែមាន ព័ត៌មាន ដូចគ្នា។
លោក ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ថា, អ្នកសារព័ត៌មានប្រកាន់ភ្ជាប់នូវការនិយាយ សរសេរ ព័ត៌មានពិត ដោយសុចរិត ប្រកបដោយ សីលធម៌ វិជ្ជាជីវៈ ប្រឆាំងព័ត៌មានក្លែងក្លាយ ហើយរួមគ្នាប្រឹងប្រែង ផ្តើមចេញពី សមាគមនីមួយៗ ធ្វើយ៉ាងណា តម្រង់ទិស ការពារអ្នកសារព័ត៌មាន ដើរអោយត្រូវតាមកិត្យានុភាពវិជ្ជាជីវៈ តម្កល់ផលប្រយោជន៍ជាតិជាធំ ។ ប្រសិនបើយើងសរសេរ ព័ត៌មានមិនពិត បំភ្លើស គ្មានមូលដ្ឋាន ជាផលដ៏អាក្រក់ អាចធ្វើអោយជនឆក់ឱកាស ក្រុមជនងងឹត ជ្រកកោន ប្រព្រឹត្តអំពើ ប្រជាពិថុ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ដល់អ្នកសារព័ត៌មាន ដែលមានក្រមសីលធម៌ វិជ្ជាជីវៈ របស់យើង ។
សូមបញ្ជាក់ថា, ពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ស្តីពីការបង្កើត សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា បានធ្វើឡើង នៅអគារសេរីភាព នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា, (ស.ស.ស.ក) មានសមាគមសារព័ត៌មានសរុប ចំនួន ១៤អង្គភាព រួមមាន :
១- សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា តំណាងដោយ លោក ហ៊ុយ វណ្ណៈ
២- ក្លិបអ្នកកាសែតឯករាជ្យ តំណាងដោយ លោក ហ៊ុន សុខា
៣- សមាគមសារព័ត៌មានអេឡិចត្រូនិច «អឹមអេសជេ» តំណាងដោយ លោក ម៉េង សុភ័ណ្ឌ
៤- សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ តំណាងដោយ លោក កែវ ចាន់ឌួង
៥- សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា តំណាងដោយ លោក ទេស វិបុល
៦- សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា តំណាងដោយ លោកបណ្ឌិត ហោ គន្ធា
៧- សមាគមអ្នកសារព័ត៌មាន កម្ពុជា-អាស៊ាន តំណាងដោយ លោក ជា លីហ៊ាង
៨- សមាគមអ្នកសារព័ត៌មាន យុវជន តំណាងដោយ លោក ទូច ប៉ែត
៩- សមាគមអ្នកកាសែតខ្មែរសន្តិភាព តំណាងដោយ លោក កង ចាន់ចំរ៉ុង
១០- សមាគមអ្នកសារព័ត៌មានឯករាជ្យជាតិកម្ពុជា តំណាងដោយ លោក ផាត់ ចំណាន
១១- សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន តំណាងដោយ លោក សេង រាជសី
១២- សមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា តំណាងដោយ លោក ម៉ូ រ៉ាផាត់
១៣- សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព តំណាងដោយ លោក ហ៊ុន មករា
និង១៤- សមាគមសម្ព័ន្ធសារព័ត៌មានគេហទំព័រកម្ពុជា តំណាងដោយ លោក ង៉ូវ បូរីណា
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា, (ស.ស.ស.ក) បានរម្លឹកថា, សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ដែលបង្កើតនៅពេលនេះ គឺគ្មានប្រធាន អនុប្រធាន អគ្គលេខាធិការ ។ល។ និយាយរួម រួមគ្នាធ្វើកិច្ចការ ព័ត៌មានដោយឯករាជ្យ ៕
ដោយ : សិលា