ការបុកគ្នារវាងរថភ្លើងពីរគ្រឿងនៅជិតទីក្រុង Larissa ប្រទេសក្រិកកាលពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ បានបណ្តាលឲ្យមនុស្ស១៦នាក់ស្លាប់ និង៨៥នាក់រងរបួស។
មន្ត្រីប៉ូលិសនិងនាយកដ្ឋានពន្លត់អគ្គិភ័យ បាននិយាយថា រថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយនឹងរថភ្លើងដឹកទំនិញដែលកំពុងដំណើរការនៅភាគខាងជើងប្រទេសក្រិក ដោយបានបង្កឱ្យមានអគ្គិភ័យនិងមនុស្សរាប់សិបនាក់រងរបួស។
មន្ត្រីមន្ទីរពេទ្យនៅទីក្រុង Larissa បាននិយាយថា យ៉ាងហោចណាស់មនុស្ស25នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។ លោក Vassilis Varthakoyiannis អ្នកនាំពាក្យរបស់នាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា “ការជម្លៀសនៅតែកំពុងបន្ត ហើយកំពុងត្រូវបានអនុវត្តក្រោមលក្ខខណ្ឌដ៏លំបាកបំផុត ដោយសារតែភាពធ្ងន់ធ្ងរនៃការប៉ះទង្គិចគ្នា រវាងរថភ្លើងទាំងពីរ” ។
ទូរថភ្លើងជាច្រើនបានក្រឡាប់ ហើយយ៉ាងហោចណាស់ 3 ទូបានឆាបឆេះបន្ទាប់ពីការប៉ះទង្គិចគ្នានៅជិត Tempe ចម្ងាយប្រហែល 380 គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Athens ។ អង្គភាពពន្លត់អគ្គិភ័យបាននិយាយថា ភ្លើងត្រូវបានពន្លត់ហើយ។ លើសពីនេះ ទីភ្នាក់ងារនេះបាននិយាយថា “អ្នកដំណើរជាច្រើននាក់” ត្រូវបានជួយសង្គ្រោះដោយសន្លប់បន្ទាប់ពីឧបទ្ទវហេតុនេះ។
លោក Costas Agorastos អភិបាលនៃតំបន់ Thessaly បាននិយាយថា “វាជាការប៉ះទង្គិចគ្នាយ៉ាងខ្លាំង នេះគឺជាយប់ដ៏អាក្រក់មួយ។ វាពិបាកក្នុងការពិពណ៌នា អំពីកន្លែងកើតហេតុ។ អ្នកជួយសង្គ្រោះត្រូវធ្វើការ ក្នុងផ្សែងក្រាស់ដើម្បីស្វែងរកអ្នក នៅរស់រានមានជីវិត។
លោកបាននិយាយថា រថភ្លើងទាំងពីរបានបុកគ្នាចំក្បាល ដែលបណ្តាលឱ្យ ទូរថភ្លើងចំនួនបួនដំបូងបានក្រឡាប់ ក្នុងនោះមាន២ទូ”ស្ទើរតែខូចទាំងស្រុង”។
ប្រតិបត្តិករផ្លូវដែក Hellenic Train បាននិយាយថា រថភ្លើងដឹកអ្នកដំណើរដែលធ្វើដំណើរពីទីក្រុង Athens ទៅ Thessaloniki មានអ្នកដំណើរប្រហែល 350 នាក់នៅលើរថភ្លើង នៅពេលដែលការប៉ះទង្គិចបានកើតឡើង។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ៕ ដោយធីរីណា
រូបថត : AP