សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលពលីជីវិតនៅក្នុងតំបន់ប្រតិបត្តិការក្រោមឆត្រ UN នៅម៉ាលី បានបញ្ជូនមកដល់មាតុភូមិហើយ

ចែករំលែក៖

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានអោយដឹងនៅព្រឹកថ្ងៃទី ១មីនា ២០២៣នេះថា សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត មានតួនាទីជាមេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានពលីជីវិត ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី បានបញ្ជូនមកដល់មាតុភូមិកម្ពុជា នៅវេលាម៉ោងជាង១២ រំលងអធ្រាត ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ពិធីទទួលសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គ នាយក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងឪពុក ម្តាយ ប្រពន្ធ កូន និងបងប្អូនសាច់ញាតិជាច្រើន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ពិធីទទួលសពនេះត្រូវបានរៀបចំតាមប្រពៃណីសាសនា ព្រះពុទ្ធ ព្រមទាំងរៀបចំតាមបែបយោធាដោយក្បួនត្រែទ័ព ដើម្បីឱ្យសាកសមនឹងកិត្តិយស សេចក្តីអង់ អាចក្លាហានរបស់កងទ័ព ក្នុងបុព្វហេតុជាតិមាតុភូមិ និងបុព្វថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលកំពុងមានសង្គ្រាម មុននឹងបញ្ជូនទៅកាន់គេហដ្ឋានស្ថិតនៅភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សម្ដែងនូវការសោកស្ដាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយនឹងក្រុមគ្រួសារសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលបានពលីជីវិតនៅក្នុងពេលដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី។ ស្ថិតក្នុងសមានទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ នាយឧត្តម សេនីយ៍ សែម សុវណ្ណនី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត សូមបានទៅចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

គួរជម្រាបថា សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានទទួលមរណភាពកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២និង៥០នាទី ក្នុងមន្ទីរពេទ្យកម្រិត២ TOGO ដោយសារជំងឺផ្លូវដង្ហើម។ សពលោកវរសេនីយ៍ ទោ ភឿក ជីវ័ន្ត បានដឹកចេញពីតំបន់ Kidal នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទីទៅដល់ទីក្រុង Bamako វេលាម៉ោង១៥៖០០នាទី។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅទីបញ្ហាការ MINUSMA ក្នុងរដ្ឋធានី Bamako បានរៀបចំប្រារព្ធវិធីគោរពវិញ្ញាណក្ខន្ធទាហានមួកខៀវកម្ពុជា និងស្រីលង្កា ដោយមានការចូលរួមពីសំណាក់តំណាងពិសេស អគ្គលេខាធិការ អ.ស.ប មេបញ្ជាការកងកម្លាំងស្ដីទី មន្ត្រីជាន់ខ្ពស់ អ.ស.ប នាយទាហានតំណាងប្រទេសនានាក្នុងតំបន់បេសកម្ម ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលម៉ាលីផងដែរ។

...

គិតមកដល់ឆ្នាំ២០២៣នេះ កងទ័ពមួកខៀវកម្ពុជាបានស្លាប់ចំនួន១១រូប ខណៈអ្នកធ្លាប់រងរបួសមាន ១៥រូប អំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ។ ចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងទ័ពខៀវ ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាង ៨ពាន់នាក់ នៅប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print