កូរ៉េខាងត្បូង៖ កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក និងប្រទេសជប៉ុន ក្នុងពេលនេះកាន់តែមានសារៈសំខាន់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ បានដកស្រង់សំដី ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Sukyeol នៅថ្ងៃ១ខែមករាបាននិយាយថា កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក និងប្រទេសជប៉ុន ក្នុងពេលនេះកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដើម្បីយកឈ្នះលើការគំរាមកំហែងដោយបរមាណូ កំពុងកើនឡើងរបស់កូរ៉េខាងជើង និងវិបត្តិផ្សេងៗទៀត។

ថ្លែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយដើម្បីរំលឹកដល់ចលនាឯករាជ្យថ្ងៃទី១មីនា ប្រឆាំងនឹងការកាន់កាប់របស់ប្រទេសជប៉ុនពីឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥ លើប្រទេសកូរ៉េ លោក យូន បានគូសបញ្ជាក់ថា «ប្រទេសជប៉ុនបានប្រែក្លាយពីអ្នកឈ្លានពានខាងយោធានិយមកាលពីអតីតកាល ទៅជាដៃគូដែលចែករំលែកតម្លៃសកលដូចគ្នាជាមួយប្រទេសរបស់យើង។ ថ្ងៃនេះ កូរ៉េ និងជប៉ុន កំពុងសហការគ្នាលើបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច។ យើងក៏ធ្វើការរួមគ្នា ដើម្បីទប់ទល់នឹងបញ្ហាប្រឈមជាសកល។ យើងត្រូវតែឈរក្នុងសាមគ្គីភាពជាមួយបណ្តាប្រទេសដែលមានតម្លៃជាសកល»។
ការកត់សម្គាល់របស់លោក យូន ខាងលើនេះធ្វើឡើងបន្ទាប់ពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថាក្រុមមន្រ្តីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានរៀបចំកិច្ចសន្ទនាសន្តិសុខសេដ្ឋកិច្ចលើកដំបូងរបស់ពួកគេ ចំពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា។
ទោះបីជាពេលខ្លះ ជប៉ុន និងកូរ៉េខាងត្បូង ដែលជាប្រទេសជិតខាងធ្លាប់មានប្រវត្តិសាស្រ្តមិនល្អជាមួយគ្នា ក៏ប្រទេសទាំងបីចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដើម្បីប្រឈមមុខនឹងការកើនឡើងនៃភាពតានតឹងជាសកល ដូចជាការពង្រីកឥទ្ធិពលរបស់ប្រទេសចិន និងសកម្មភាព ដែលមិនអាចទាយទុកជាមុនបាន របស់កូរ៉េខាងជើង ជាដើម៕

...

រូប​ថត​ :TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print