ខេត្តបន្ទាយមានជ័យ៖ មានករណីសិស្សប្រុសស្រីនៅវិទ្យាល័យបន្ទាយឆ្មារ ចំនួន ១៥នាក់ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានអាការឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម។
សូមបញ្ជាក់ថា, ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។
អធិការនគរបាលស្រុកថ្មពួក លោកវរសេនីយ៍ទោ ឈឿន គឹមឈុន បានប្រាប់ភ្នាក់ងារ សារព័ត៌មាន ប្រចាំខេត្តបន្ទាយមានជ័យឱ្យដឹងថា, សិស្សានុសិស្សទាំង ១៥នាក់ (សិស្សស្រី ១៣នាក់) មានអាការ ឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម។
លោកថា៖ «ក្រោយពីមានអាការឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម លោកគ្រូ អ្នកគ្រូ រួមនឹងអាជ្ញាធរ សមត្ថកិច្ច និងអាណាព្យាបាល បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក»។
លោកវេជ្ជបណ្ឌិត ញ៉ែម ភិរម្យ ប្រធានមន្ទីរពេទ្យបង្អែកស្រុកកថ្មពួក បានសន្និដ្ឋានថា មូលហេតុដែលបណ្តាលឱ្យសិស្សមានអាការបែបនេះ គឺដោយសារពួកគេហូបអាហារមិនទៀងពេល ដោយសិស្សមួយចំនួនមានជំងឺប្រចាំកាយ។
លោកថ្លែងថា៖ «អ្នកជំងឺជាមុខសញ្ញាដដែលៗ ដែលឆ្លាប់មានអាការបែបនេះកាលពី ថ្ងៃទី២៤ ខែកុម្ភៈ និងថ្ងៃនេះក៏មានកើតមានជម្ងឺនោះទៀត ហើយមានអ្នកកើតជម្ងឺនេះថ្មីចំនួន ៧នាក់ សរុបគឺ ១៥នាក់»។
បើតាមលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកកថ្មពួក គិតមកទល់នេះមានសិស្សចំនួន ១៣នាក់បានធូរស្បើយឡើងវិញ ហើយក៏បានត្រឡប់ទៅលំនៅឋានវិញហើយដែរ នៅសល់តែ ២នាក់ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
តាមរយៈការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ញ៉ែម ភិរម្យ ប្រធានមន្ទីរពេទ្យបង្អែកស្រុកកថ្មពួក បានសន្និដ្ឋានថា មូលហេតុដែលបណ្តាលឱ្យសិស្សមានអាការបែបនេះ គឺដោយសារពួកគេហូបអាហារមិនទៀងពេល។ ដូច្នេះសូមយុវជនយុវតី ទទួលទានអាហារតាមម៉ោងកំណត់ ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីសរីរាង្គកាយរបស់ខ្លួន មានភាពរឹងមាំ ស្មារតី បញ្ញាឈ្លាសវៃ តាមរយៈការទទួលទានអាហារទៀងទាត់ពេលវេលា ៕
ដោយ : សូរិយា