ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំពាវនាវដល់ក្រុមយុវជនដែលបានចាកចេញពីបក្សប្រឆាំង កុំមានប្រតិកម្មឬធ្វើសកម្មភាពហិង្សាតបតវិញឱ្យសោះ ពោលគឺត្រឹមតែធ្វើការបកស្រាយនិងចេញសេចក្តីថ្លែងការណ៍បំភ្លឺគ្រប់គ្រាន់ហើយសម្រាប់បក្សប្រឆាំងនោះ។ សម្តេចថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រុមយុវជនដែលធ្លាប់តែគាំទ្របក្សប្រឆាំងទាំងនោះ បាននាំគ្នាចាកចេញពីបក្សប្រឆាំង ដោយចូលមករួមរស់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគាំទ្ររាជរដ្ឋាភិបាល ប៉ុន្តែត្រូវបានទទួលការប្រមាថមើលងាយពីបុគ្គលប្រឆាំងមួយចំនួនទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមយុវជនដែលបានចាកចេញពីបក្សប្រឆាំងកន្លងមក បានបង្ហើបឱ្យដឹងថា ពួកគេធ្លាប់ទៅសហរដ្ឋអាមេរិកដើម្បីទទួលការបណ្តុះបណ្តាលធ្វើបដិវត្តន៍ពណ៌។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រុមយុវជនដែលធ្លាប់ប្រឆាំងទាំងនោះ បានសម្រេចចិត្តចាកចេញពីបក្សប្រឆាំង មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែមើលឃើញថា គណបក្សប្រឆាំងមិនបានការសោះកន្លងមក ឃើញតែធ្វើសកម្មភាពបំផ្លិចបំផ្លាញជាតិ និងបំផ្លាញផលប្រយោជន៍ប្រជាជន៕
ដោយ : សិលា