ខេត្តបន្ទាយមានជ័យ៖ ឃាតកដែលសម្លាប់ប្អូនថ្លៃខ្លួនឯងហើយរត់គេចបន្ទាប់ពីប៉ូលីសឃាត់ខ្លួនបានកាលពីពេលកន្លងទៅ ហើយរត់រួច រហូតមកដល់ថ្ងៃនេះត្រូវបានគេរាយការណ៍ថា ចាប់ខ្លួនបានហើយនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នេះ នៅសមុទ្ទបាកានប្រទេសថៃ។
លោក សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យដឹកនាំការចាប់ខ្លួននេះបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ នៅវេលាម៉ោង៦និង៣០នាទីល្ងាចឃាតករឈ្មោះ ប៊ីវ ឡុង អាយុប្រមាណជាង៣០ឆ្នាំបានសម្លាប់ប្អូនថ្លៃប្រុសខ្លួនឯងដោយកាប់នឹងកាំបិតសាមូរ៉ៃពីក្រោយចំកញ្ចឹងកហើយទម្លាក់ចោលក្រោមស្ពានទឹកថ្លាផ្នែកខាងកើត ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់-ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់សមត្ថកិច្ចនគរបាលបានកំណត់មុខសញ្ញា ហើយក៏ឈានដល់ធ្វើការឃាត់ខ្លួនឃាតកខាងលើម្តងរួចមកហើយ តែការធ្វេសប្រហែសក៏បានធ្វើឲ្យជនដៃដល់ដោះខ្នោះជើងរត់គេចខ្លួនចេញពីស្នងការខេត្តរហូតចូលទៅធ្វើជាកម្មករនៅប្រទេសថៃ។
ជនដៃដល់ជាឃាតករអាចនឹងបញ្ជូនមកដល់ខេត្តបន្ទាយមានជ័យនៅល្ងាចថ្ងៃនេះ៕
ដោយ៖ វណ្ណា