អគ្គមេបញ្ជាការ អនុញ្ញាតឱ្យអនុព័ន្ធយោធាម៉ាឡេស៊ីចប់អាណត្តិចូលជួបសំដែងការគួរសម និងជម្រាបលា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ វរសេនីយ៍ឯក Hazmi bin Abd Hamid អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដែលចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ លោកវរសេនីយ៍ឯក Hazm i bin Abd Hamid បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលបានសហការនិងបង្កលក្ខណះងាយស្រួលឲ្យរូបលោកបំពេញបេសកកម្មការទូតនៅកម្ពុជាសម្រេចបានជោគជ័យ តាមរយៈទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ម៉ាឡេស៊ី-កម្ពុជា កាន់តែមានភាពល្អប្រសើរ។

លោកវរសេនីយ៍ឯកបានបញ្ជាក់ថា ក្នុងអាណត្តិការងាររបស់លោកនៅកម្ពុជា រយៈពេល ៤ឆ្នាំ ពីឆ្នាំ២០១៨ ដល់ខែ៣ឆ្នាំ២០២៣ លោកបានរៀនសូត្រ និងទទួលបទពិសោធន៍ច្រើនពីកម្ពុជា ពិសេស ចាប់អារម្មណ៍ខ្លាំងនិងស្ងើចសរសើរបំផុតចំពោះកម្ពុជាដែលការពារ និងទប់ស្កាត់បានការរីករាលដាលជំងឺកូវីដ-១៩ សូម្បីតែម៉ាឡេស៊ី និងប្រទេសក្នុងតំបន់អាស៊ានក៏មិនដូចកម្ពុជាដែរ។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ម៉ាឡេស៊ី មកដល់ពេលនេះមានរយៈពេល៦៦ឆ្នាំហើយ ហើយក្នុងស្ថានភាពដែលជំងឺកូវីដ-១៩ បានរីករាលដាលក្នុងពិភពលោក កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញវិធានការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព ឈានដល់ការគ្រប់គ្រងបានល្អ និងបើកដំណើរការប្រទេសឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចជាតិ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបន្តថា ជាមោទនភាពរបស់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានប្រព្រឹត្តិទៅដោយជោគជ័យ ដោយមានការចូលរួមពីបណ្ដាមេដឹកនាំប្រទេសក្នុងតំបន់ និងក្រៅតំបន់ ពិសេសមេដឹកនាំប្រទេសមហាអំណាច។

លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសំណូមពរដល់ប្រទេសម៉ាឡេស៊ីជួយបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋកម្ពុជាដែលទៅបំពេញការងារនៅប្រទេសម៉ាឡេស៊ី និងសំណូមពរឲ្យម៉ាឡេស៊ីជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទបន្តទៀត។

ជាមួយនោះ នាយឧត្តមសេនីយ៍ ក៏បានជំរុញដល់ការបង្កើនកិច្ចសហប្រតិបត្តិការការផ្លាស់ប្ដូរព័ត៌មានគ្នា ការប្រឆាំងអំពើភេរវកម្ម ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន និងផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ីឲ្យកាន់តែរឹងមាំថែមទៀត៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print