ក្រុមជំនាញរដ្ឋបាលជលផលនិងអង្គការ WWFចុះជំរឿនប្រទះឃើញកូនផ្សោតថ្មី០១ក្បាលទើបនឹងកើតនៅកន្លែងអភិរក្សអន្លង់កាំពី

ចែករំលែក៖

ខេត្តក្រចេះ៖ ក្រុមជំនាញរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការជាមួយអង្គការ WWF បានចុះធ្វើជំរឿនសត្វផ្សោតទន្លេមេគង្គ ហើយបានប្រទះឃើញកូនផ្សោតថ្មីដែលទើបនឹងកើតនៅកន្លែងអភិរក្សអន្លង់កាំពីត្រង់ចំណុចគោលខ្ពស់ ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រុមជំនាញរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រទះឃើញកូនផ្សោតថ្មីនោះនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣និងមានការអបអរសាទរពីផ្សោតមួយហ្វូងផងដែរដែលមានចំនួនប្រមាណពី៧ទៅ៨ក្បាល។

បើតាមការសន្និដ្ឋានរបស់ក្រុមជំនាញបានបង្ហាញថា កូនផ្សោតថ្មីនេះទើបនឹងកើតនៅថ្ងៃទី២៧ ឬ២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះទេហើយមានទម្ងន់ចាប់ពី៩ទៅ១០គីឡូក្រាម ប្រវែង១ម៉ែត្រ និងមានសុខភាពល្អទៀតផង។

កំណើតកូនផ្សោតថ្មីមួយក្បាលនេះស្របពេលនឹងការទទួលបាននូវអនុក្រឹត្យថ្មី លេខ៤៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការបង្កើតតំបន់គ្របគ្រងសត្វផ្សោតទន្លេមេគង្គ អនុម័តដោយប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

តាមប្រភពពីឆ្មាំទន្លេនិងអ្នករត់ទូកដ បានឱ្យដឹងថា មានកូនផ្សោតផ្សេង០១ក្បាលទៀតបានកើតនៅដើមខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែក្រុមការងារជំនាញពុំអាចថតរូបបាន។

ការទទួលបានកូនផ្សោតថ្មីនេះគឺជាការខិតខំប្រឹងប្រែងការពាររួមគ្នារវាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

...

សម្រាប់ការងារចំពោះមុខ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តពង្រឹងការងារល្បាត អប់រំផ្សព្វផ្សាយ និងផ្លាស់ប្តូរមុខរបររបស់ប្រជានេសាទដែលប្រកបរបរនេសាទដោយមង ឬសន្ទូចរនងនៅក្នុងតំបន់ផ្សោតរស់នៅ ទៅប្រកបមុខរបរថ្មី ព្រោះឧបករណ៍នេសាទទាំងពីរប្រភេទនេះបានបង្កឱ្យផ្សោតស្លាប់ជាបន្តបន្ទាប់៕ ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print