ខេត្តត្បូងឃ្មុំ៖ រថយន្តយោធា៣គ្រឿងរបស់អង្គភាពកងពលដឹកជញ្ជូនលេខ៩៩ និងមួយគ្រឿងទៀត ជារថយន្តសារ៉ែន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ ចាប់ឃាត់នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ ខណៈកំពុងដឹកជញ្ជូនឈើក្រញូងនិងឈើប្រណិតជាច្រើនទៀតនៅចំណុចហួសទួលអំពុក ក្នុងឃុំជីពាំង ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ។
តាមប្រភពគួរឲ្យទុកចិត្តបានឲ្យដឹងថា មុនឈានទៅឃាត់រថយន្តនេះដំបូងគេឃើញមន្រ្តីសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ២នាក់ជិះរថយន្ត១គ្រឿង និងមន្រ្តីមេព្រៃខេត្តត្បូងឃ្មុំ២នាក់ទៀតជិះរថយន្ត១គ្រឿងដែរ បានមកឃាត់រថយន្តខាងលើ និងក៏និយាយគ្នាជាមួយអ្នកបើកបររថយន្តយោធាដឹកឈើល្មើសច្បាប់ អាចជាការចរចាគ្នាទើបឈានដល់ឃាត់រថយន្តជាមួយនិងបទល្មើសជាក់ស្តែង។
គេបានរាយការណ៍មកថា រថយន្តទាំង៣គ្រឿងនេះ ត្រូវបានរកឃើញថា ផ្ទុកឈើជាច្រើនម៉ែត្រគូប ប្រភេទឈើក្រញូង និងឈើប្រណិតជាកូនក្រឡឹងដ៏ច្រើនទៀត ក្នុងគោលដៅបម្រុង នាំចេញទៅលក់នៅប្រទេសវៀតណាម។
គួររំលឹកដែរថា បទល្មើសដឹកជញ្ជូនឈើកំពុងមានសកម្មភាពឡើងវិញនៅក្នុងខេត្តត្បូងឃ្មុំនេះស្របពេលនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តលោក ងី វីរៈ តែងតែជាប់ពាក់ព័ន្ធទទួលប្រយោជន៍បទល្មើសឈើ៕
ដោយ៖ វណ្ណះ