សហព័ន្ធកីឡាអុករុស្ស៊ីបានចូលរួមជាមួយសហព័ន្ធអុកអាស៊ី (ACF) បន្ទាប់ពីការបោះឆ្នោត ACF ដែលអនុញ្ញាតឱ្យកីឡាកររុស្ស៊ីបន្តប្រកួតប្រជែងក្នុងកម្រិតអន្តរជាតិ ទោះបីជាមានសង្គ្រាមនៅអ៊ុយក្រែន និងទណ្ឌកម្មដែលខ្លួនបានជំរុញក៏ដោយ។
អត្តពលិករុស្ស៊ីត្រូវបានហាមប្រាមពីប្រភេទកីឡាជាច្រើន ហើយភាគច្រើនមិនអាចចូលរួមប្រកួតនៅអឺរ៉ុបបាន ដោយសារការដាក់ទណ្ឌកម្ម និងភាពស្មុគស្មាញនៃការប្រកួតប្រជែងដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កាលពីខែមុនបានជំរុញឱ្យសហព័ន្ធកីឡាបង្កើតផ្លូវសម្រាប់អត្តពលិករុស្ស៊ី និងបេឡារូសដើម្បីត្រលប់ទៅការប្រកួតអន្តរជាតិនៅអាស៊ីវិញ។
ដំណោះស្រាយនេះក៏នឹងផ្តល់ឱកាសដល់អត្តពលិកទាំងនោះក្នុងវគ្គជម្រុះសម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤តាមរយៈព្រឹត្តិការណ៍ជម្រុះអាស៊ីផងដែរ ដោយសារពួកគេមិនអាចទៅប្រកួតនៅអឺរ៉ុបបាន។ បេឡារូសក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចផងដែរ ព្រោះបានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនជាតំបន់សំខាន់សម្រាប់ការលុកលុយលើអ៊ុយក្រែន។
ប្រធានសហព័ន្ធអុករុស្ស៊ីលោក Andrey Filatov បាននិយាយកាលពីថ្ងៃពុធ បន្ទាប់ពីបោះឆ្នោតនៅ Abu Dhabi របស់ ACF ថា“ថ្ងៃនេះបានឃើញព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ សហព័ន្ធអុកមួយដែលខ្លាំងបំផុតនៅលើពិភពលោកបានផ្លាស់ប្តូរពីទ្វីបមួយទៅទ្វីបមួយទៀតជាលើកដំបូងដែលមិនធ្លាប់មាន។ យើងមានអំណរគុណចំពោះគណៈប្រតិភូដែលបានគាំទ្រការផ្លាស់ប្តូររបស់យើងទៅACF នៅសភាទ្វីបដោយសម្លេងភាគច្រើន។ វាបង្ហាញពីចំនួននៃការជឿទុកចិត្តលើពួកយើងនៅលើដៃម្ខាង និងការងារល្អដែលសម្រេចបានដោយសហព័ន្ធរបស់យើងនៅលើផ្សេងទៀត”។
ក្នុងចំណោមសម្លេងបោះឆ្នោតទាំង៣៦មានប្រតិភូរបស់ ACF ២៩ នាក់បានបោះឆ្នោតគាំទ្រការរួមបញ្ចូលរបស់រុស្ស៊ី និង១សំឡេងបានបោះឆ្នោតប្រឆាំង ខណៈដែលមានសំឡេងអនុប្បវាទចំនួន៦ផងដែរ ដោយលទ្ធផលបានបិទបញ្ចប់ការចាកចេញរបស់រុស្ស៊ីពីសហភាពអុកអឺរ៉ុប។
ប្រទេសជាច្រើនបានជំទាស់ជាសាធារណៈចំពោះផែនការរបស់ IOC ក្នុងការឃើញការវិលត្រឡប់របស់អត្តពលិករុស្ស៊ី និងបេឡារូសក្នុងការប្រកួតអន្តរជាតិ ខណៈដែលអ៊ុយក្រែនបានគំរាមធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសប្រសិនបើជនជាតិរុស្ស៊ីត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួត សូម្បីតែអត្តពលិកអព្យាក្រឹតដែលគ្មានទង់ជាតិ ឬភ្លេងដូចដែលបានស្នើឡើង។
ដោយឡែកសហព័ន្ធអុកប្រទេសនៅអាស៊ីមួយគឺសិង្ហបុរី (SCF) បានប្រកាសថា វាគឺជាមួយក្នុងចំណោម៦ដែលបានបដិសេធការបោះឆ្នោត។ នាយកប្រតិបត្តិ SCF លោក Kevin Goh បាននិយាយថា “ការសម្រេចចិត្តនេះត្រូវបានមកដល់បន្ទាប់ពីការពិភាក្សាផ្ទៃក្នុងនៅក្នុងក្រុមប្រឹក្សាប្រតិបត្តិរបស់យើង និងបន្ទាប់ពីបានស្វែងរកដំបូន្មានពី Sport Singapore។ រុស្ស៊ីគឺជាមហាអំណាចប្រពៃណីនៅក្នុងល្បែងអុក ហើយយើងទន្ទឹងរង់ចាំការរួមចំណែករបស់ពួកគេចំពោះការអភិវឌ្ឍន៍អុកនៅក្នុងតំបន់នេះ” ៕ (រូបភាព ៖ channelnewsasia.com)