ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាលរងតំណាងអោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សហការជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងការលុបបំបាត់នូវក្មេងទំនើងនៅក្នុងសាលារៀន និងជំរុញឱ្យលោកគ្រូ អ្នកគ្រូត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ជាគ្រូបង្រៀនឱ្យស័ក្តិសមជាមាតាទី២របស់សិស្សានុសិស្ស ។
ការជំរុញបែបនេះរបស់លោក នួន ផារ័ត្ន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ខណៈដែលលោកអញ្ជើញជាអធិបតី តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២១-២០២២និងលើកទិសដៅការងារឆ្នាំសិក្សា២០២២-២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
លោក នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា៖ អង្គសន្និបាតនេះធ្វើឡើង ដើម្បីបន្តការកែទម្រង់វិស័យអប់រំឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។វិស័យអប់រំបើទោះបីជាក្នុងដំណាក់កាល រីករាលដាលជំងឺcovid-19 យ៉ាងណាក៏ដោយ ក៏វិស័យនេះនៅតែដំណើរការ។ មន្ទីរអប់រំបានបំពេញការងារលើវិស័យអប់រំនេះ បានយ៉ាងល្អប្រសើរ ឆ្លើយតបទៅនឹងវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡាក៏ដូចជាផែនការអប់រំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឡើងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ឈានទៅលុបបំបាត់ភាពអក្ខរកម្មអោយអស់នៅរាជធានីភ្នំពេញ។
លោកបានបន្តទៀតថា៖ នៅសល់តែ៦៣ថ្ងៃទៀតប៉ុណ្ណោះកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣។ដូច្នេះទេ សម្រាប់សិស្សានុសិស្ស ត្រូវខិតខំហ្វឹក
ហាត់ដើម្បីឈានទៅដណ្ដើមយកជ័យជម្នះក្នុងការប្រកួតកីឡាស៊ីហ្គាមនេះ ព្រោះជាមុខមាត់របស់ប្រទេសជាតិយើង ។ មន្ទីរអប់រំត្រូវលុបបំបាត់ក្មេងទំនើងនៅក្នុងសាលារៀន ពង្រឹងវិស័យអប់រំ ដោយរកវិធីសាស្រ្តកុំឱ្យសិស្សបោះបង់ការសិក្សានិងយុទ្ធនាការប្រឡងប្រណាំង។
លោក ហែម ស៊ីណារ៉ត ប្រធាន មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងរយៈពេលមួយថ្ងៃកន្លះនេះ អង្គសន្និបាតបានដំណើរការពិភាក្សារួមគ្នាលើសេចក្តីព្រាងរបាយការណ៍ ទិសដៅ និងពិភាក្សាប្រធានបទសំខាន់ៗចំនួន៨ ទៅតាមអនុវិស័យទាំង៦ រួមមាន ៖អនុវិស័យការអប់រំកុមារតូច អនុវិស័យ ការអប់រំបឋមសិក្សា អនុវិស័យការអប់រំ មធ្យមសិក្សានិងបច្ចេកទេស អនុវិស័យ ការអប់រំក្រៅប្រព័ន្ធ អនុវិស័យការអភិវឌ្ឍយុវជន និងអនុវិស័យការអប់រំកាយ និងកីឡា គឺជាវេទិកាដ៏សំខាន់បំផុតសម្រាប់ឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចសេសសល់ដែលយើងបានអនុវត្តកន្លងមក ដើម្បីជាមូលដ្ឋានលើកទិសដៅអនុវត្តបន្ត ដោយបើកទូលាយជូនមន្ត្រីគ្រប់គ្រង អប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ បានចូលរួមផ្តល់យោបល់ផងដែរ ៕ ដោយ៖សំរិត