ភ្នំពេញ : នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំសិក្ខាសាលាស្តីពី «ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់» ដែលបានធ្វើឡើងដោយផ្ទាល់សម្រាប់មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងតាមរយៈអនឡាញ (Zoom) សម្រាប់គណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានី-ខេត្ត។ សិក្ខាសាលានេះ មានការអញ្ជើញជាអធិបតី លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងដោយមានការធ្វើបទឧទ្ទេសនាមដោយ លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។
ក្នុងឱកាសនៃពិធីបើកអង្គសិក្ខាសាលា លោកស្រី ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកចំពោះមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តនៃកាកបាទក្រហមកម្ពុជា និងតាមបណ្តាសាខាទាំងអស់។
ជាមួយគ្នានេះ លោកស្រី បានគូសបញ្ជាក់ពីគោលបំណងនៃការរៀបចំសិក្ខាសាលា ៤ចំណុច ជូនអង្គសិក្ខាសាលាដូចជា៖
១. បង្កើនសមត្ថភាព និងការយល់ដឹងរបស់មន្ត្រី អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អំពីជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ និងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺនេះ ដើម្បីបន្តអប់រំផ្សព្វផ្សាយដល់ស្រ្តីដែលមានអាយុចន្លោះពី ៣០-៤៩ឆ្នាំ ទៅពិនិត្យនិងព្យាបាលជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់។
២. ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា ស្រ្តី ទៅនឹងបញ្ហា ប្រឈមនៃជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ ដែលកំពុងតែកើនឡើងនៅក្នុងប្រទេសកម្ពុជា។
៣. ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការរួមចំណែកកាត់ បន្ថយអត្រាមរណៈរបស់មាតា និងស្រ្តី ឱ្យធ្លាក់ចុះទាបកម្រិតអប្បរមាបំផុត តាមរយៈការអប់រំផ្សព្វផ្សាយតាមសហគមន៍ឱ្យយកចិត្តទុកដាក់គាំពារដល់សុខភាពស្រ្តីជាមាតា និងសុខភាពបន្តពូជរបស់យុវវ័យ រួមទាំងការទៅពិនិត្យនិងព្យាបាលជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ឱ្យបានទាន់ពេលវេលា។
៤. ផ្សព្វផ្សាយជូនបងប្អូនជនរួមជាតិ ពីវិធីសាស្រ្តជំនាញមានវិជ្ជាជីវៈក្នុងការពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ អាហារូបត្ថម្ភ ដើម្បីសុខុមាលភាពរបស់ប្រជាជន។
លោកស្រីសាស្ត្រាចារ្យ គ្រុយ លាងស៊ីម បានបង្ហាញបណ្ណសម្រាប់អប់រំតាមសហគមន៍ ស្តីពីការពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងភាពមិនប្រក្រតីនៃមាត់ស្បូនមុនក្លាយជាជំងឺមហារីក ព្រមទាំងបានបញ្ជាក់ពីខ្លឹមសារគន្លឹះនៅក្នុងបណ្ណអប់រំនេះជូនដល់អង្គសិក្ខាសាលាផងដែរ។ ខ្លឹមសារទាំងនោះបានផ្តោតទៅលើ៖
1. តើមាត់ស្បូនស្ថិតនៅកន្លែងណានៅក្នុងរាងកាយរបស់ស្ត្រី ?
2. តើមាត់ស្បូនមានលក្ខណ:យ៉ាងដូចម្តេចនៅពេលមើលឃើញដោយភ្នែកទទេ?
3. តើមហារីកមាត់ស្បូន គឺជាអ្វី?
4. តើស្រ្តីណាខ្លះដែលប្រឈមនឹងការកើតមហារីកមាត់ស្បូន?
5. តើមហារីកមាត់ស្បូន មានរោគសញ្ញាអ្វីខ្លះ?
6. តើមូលហេតុសំខាន់អ្វីខ្លះ ដែលបង្កឲ្យមានមហារីកមាត់ស្បូន?
7. តើវីរុសអេចភីវី (HPV) បង្កឱ្យកើតមហារីកមាត់ស្បូនយ៉ាងដូចម្តេច?
8. តើត្រូវបង្ការកុំឱ្យកើតជំងឺមហារីកមាត់ស្បូនយ៉ាងដូចម្ដេច?
9. តើការធ្វើតេស្តពិនិត្យស្រាវជ្រាវរកមហារីកមាត់ស្បូនមានប៉ុន្មានយ៉ាង?
10. វិធីព្យាបាលភាពមិនប្រក្រតីនៃកោសិកាមាត់ស្បូនមុនក្លាយជាមហារីក?
សិក្ខាសាលាបានប្រព្រឹត្តទៅដោយរលូន បានទាក់ទាញចំណាប់អារម្មណ៍ និងមានសំណួរ-ចម្លើយជាច្រើន ដែលបានផ្តល់ផលជាផ្លែផ្កាសម្រាប់យកទៅបន្តអប់រំផ្សព្វផ្សាយ ដល់បងប្អូន ប្រជាពលរដ្ឋ ជាពិសេសស្រ្តីក្នុងវ័យបន្តពូជ ស្រ្តីជាមាតា និងលើកកម្ពស់ការយល់ដឹងអំពី ការថែទាំសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។
យោងតាម របាយការណ៍របស់នាយកដ្ឋានសុខភាពនៃកាកបាទក្រហមកម្ពុជា បានបង្ហាញថា ៖ នៅក្នុង ប្រទេសកម្ពុជាគេប៉ាន់ប្រមាណថា ជារៀងរាល់ឆ្នាំ ស្រ្តីប្រមាណ ១.៥០០នាក់ ត្រូវបានគេរកឃើញថាមានជំងឺ មហារីកមាត់ស្បូន ហើយយ៉ាងហោចណាស់មានស្រ្តី ៩០០នាក់ បានស្លាប់ដោយសារជំងឺនេះ។ ការសិក្សា បានបង្ហាញឱ្យឃើញថា ស្រ្តីដែលមានជំងឺមហារីកមាត់ស្បូន មានអត្រាស្លាប់ខ្ពស់ជាងអត្រា មរណភាពមាតា ហើយតាមការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានបង្ហាញឱ្យឃើញ ថា ជំងឺមហារីកមាត់ស្បូនអាចការពារបាន ប្រសិនបើរកឃើញ នៅដំណាក់កាលដំបូង។ ដោយឡែក ជំងឺមហារីកសុដន់ ពុំទាន់មានការបញ្ជាក់ថាមានវ៉ាក់សាំងការពារនៅឡើយ៕
ដោយ : សហការី