ភ្នំពេញ៖ បានក្លាយជាប្រធានបទក្នុងការវែកញែកពេញបណ្តាញសង្គមពិសេសក្នុងចង្កោមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាក្រោយពីស្ថាប័នគ្រប់គ្រង Miss Universe ឬកញ្ញាឯកចក្រវាឡជាជនជាតិថៃបានឈប់ផ្តល់សិទ្ធិឲ្យក្រុមហ៊ុន CIM ផលិតកម្មវិធីប្រគួតនៅកម្ពុជា។ ករណីនេះបានធ្វើឲ្យតារាពហុជំនាញនៅកម្ពុជាអ្នកនាងខាត់ សុឃីម បានបញ្ចេញសារប្រតិកម្មមួយដោយមិនពេញចិត្តទៅនឹងអ្នកគ្រប់គ្រងកម្មវិធី Miss Universe ថ្មី។
ក្រុមហ៊ុន ឬស្ថាប័នណាដែលនឹងត្រូវទទួលសិទ្ធិក្នុងការរៀបចំកម្មវិធីប្រគួតបន្តសម្រាប់ឆ្នាំ ២០២៣នេះនៅមិនទាន់ដឹងនៅឡើយ ខណៈដែលកម្មវិធីប្រគយតសម្រស់លំដាប់ជួរមុខនេះកំពុងតែក្រឡាប់ចាក់ព្រោះតែទើបនឹងផ្លាស់ប្តូអ្នកគ្រប់គ្រងដែលជាម្ចាស់ភាគហ៊ុនធំជាបុរសកែភេទជាជនជាតិថៃនោះ។ សិទ្ធិក្នុងការគ្រប់គ្រងកម្មវិធីនេះត្រូវបានគេទម្លាយថាមានតន្លៃច្រើនជាង៥ម៉ឺនដុល្លារអាមេរិកខណៈដែលកម្មវិធីនៅតែជាទីចាប់អារម្មណ៍សម្រាប់ទស្សនិកជនបើទើបីជា៦ឆ្នាំនៃការគ្រប់គ្រងរបស់ស្ថាប័ន CIM (Cambodia International Models) មិនបានធ្វើឲ្យបេក្ខភាពពីកម្ពុជាអាចឡើងដល់Top ឬ កំពូលណាមួយក្នុងជុំចុងក្រោយនោះក៏ដោយ។ អ្វីដែលជាការកត់សម្គាល់នៅពេលនេះតារាពហុជំនាញពីកម្ពុជា អ្នកនាង ខាត់ សុឃីមកំពុងតែប្រតិកម្មនឹងការផ្លាសប្តូរដែលមិនគួរឲ្យជឿ។អ្នកនាងក៏បានចេញមុខមកបង្ហោះសារប៉ុន្មានឃ្លានៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់អ្នកនាងបែបនេះថា «Anne ទិញ miss universe មកអភិវឌ្ឍន៍ Anne ទិញ miss universe មក បំផ្លាញអោយក្រឡាប់ចាក់»។ មានអ្នកបញ្ចេញយោបល់ និងចែករំលែកព្រោងព្រាតជុំវិញការលើកឡើងរបស់តារាស្រីពីកម្ពុជារូបនេះថា អ្នកគ្រប់គ្រងថ្មីពិតជាធ្វើឲ្យមានការផ្លាស់ប្តូរខ្លាំងមិនគួរឲ្យនឹកស្មានដល់ ក្នុងនោះមិនមែនតែកម្ពុជា ដែលស្ថាប័នគ្រប់គ្រងកម្មវិធីកញ្ញាឯកនេះឈប់ផ្តល់សិទ្ធិឲ្យក្រុមហ៊ុនចាស់បន្តការងារ សូម្បីតែក្រុមហ៊ុនទទួលសិទ្ធិរៀបចំកម្មវិធីនៅប្រទេសវៀតណាមក៏ត្រូវស្ថាប័ននេះមិនបន្តអាជ្ញាបណ្ណឲ្យផលិតកម្មវិធីនេះដែរ។ អ្វីដែលចាប់អារម្មណ៍មានការបញ្ចេញមតិថា «Miss universe នឹងឣស់តម្លៃ បើម្នាក់នឹងនៅកាន់កា.ប់ Miss universe កម្មវិធីលំដាប់១ ក្នុងពិភពលោក តែពេលនេះកម្មវិធីនឹងប្រែប្រួលតាំងពីម្នាក់នឹងកាន់កា.ប់មក មើលទៅដូចលែងមានតម្លៃដូចមុន» «គិតថា ក្រែងបានល្អជាងមុន មានណារញ៉ែរញ៉ៃផ្ចាញ់គេផ្ចាញ់ឯងទូទាំងពិភពលោក» «ដល់ពេលអញ្ចឹងទៅ មិនដឹងថាត្រូវនិយាយយ៉ាងដូចម្ដេចអោយសាកសមនោះទេ មានតែបណ្ដោយតែម្ដងទៅ»។
គួរបញ្ជាក់ដែរថា ក្រោមការទទួលសិទ្ធិរៀបចំផលិតកម្មវិធី រយៈពេល៦ឆ្នាំ ស្ថាប័ន CIM (Cambodia International Models) បានបញ្ជូនបេក្ខភាព៦រូបក្នុងនោះមានដូចជា ៖ កញ្ញា ប៊ី សុធារី, កញ្ញា រឿន ណាត, កញ្ញា សំណាង អេលីណា , កញ្ញា រ៉េត សារីតា, កញ្ញា ងិន ម៉ារ៉ាឌី និងចុងក្រោយគឺកញ្ញា ហង្ស ម៉ានីតា ជាបវរកញ្ញាចក្រវាលកម្ពុជា២០២២ ។ ក្រៅ ពីទទួសិទ្ធិក្នុងការរៀបចំកម្មវិធីប្រគួតខាងលើក្រុមហ៊ុននេះក៏ទទួលបានអាជ្ញាបណ្ណក្នុងការប្រគួតកម្មវិធីសម្រស់មួយចំនួនទៀត និងធ្លាប់បញ្ចូលបេក្ខភាពតំណាងពីកម្ពុជាចេញទៅប្រគួតលើឆាកអន្តរជាតិផងដែរ ដែលកម្មវិធីខ្លះកម្ពុជាបានក្លាយជាម្ចាស់មកុដលំដាប់អន្តរជាតិផងដែរ៕
ដោយ៖ វឌ្ឍនា