ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក ស៉ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងថា៖ កម្ពុជាបានដំណើរការ ៨០%ហើយ ដើម្បីរៀបចំឯកសារស្នើសុំចុះបញ្ជី «ក្រមា» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ហើយបើគ្មានអ្វីប្រែប្រួលទេ កម្ពុជានឹងស្នើនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះតែម្តង។
លោក ស៉ីយ៉ុន សុភារិទ្ធ បានថ្លែងទៀតថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ក្រសួងវប្បធម៌ នឹងបើកកិច្ចប្រជុំជាមួយអ្នកភូមិ អ្នកត្បាញក្រមា អ្នកប្រើប្រាស់ក្រមា អ្នកសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធដទៃទៀត នៅខេត្តសៀមរាប ដើម្បីពិនិត្យសេចក្តីព្រាង នៃការស្នើសុំចុះក្រមា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ កិច្ចប្រជុំនោះ គឺជាកិច្ចប្រជុំចុងក្រោយ ហើយក៏នឹងមានការកែប្រែសេចក្តីព្រាង នៃការស្នើសុំចុះក្រមា បន្ទាប់ពីការងារបានដំណើរការ ២ឆ្នាំមកហើយ។
លោកអគ្គនាយក បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងបានធ្វើការងារនេះ ២ឆ្នាំហើយ។ មកដល់ពេលនេះ យើងសម្រេចបានប្រមាណ ៧០ទៅ៨០% ហើយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ យើងនឹងបើកសិក្ខាសាលាមួយទៀត ដើម្បីកែសម្រួលបញ្ចប់ឯកសារស្នើសុំ ដែលនឹងត្រូវដាក់ទៅយូណេស្កូ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ»។
សូមជម្រាបដែរថា ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣បានប្រកាសពីគម្រោងស្នើសុំចុះក្រមា ដែលជាកំណាត់ចម្រុះពណ៌របស់ថៃ (Multifunctional Clothes In Thai Life) ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ដំណឹងនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួនសម្តែងការមិនពេញចិត្ត ហើយថាខាងរាជរដ្ឋាភិបាលមិនអើពើ។
បើតាមលោក ស៉ីយ៉ុន សុភារិទ្ធ បានលើកឡើងដែរថា ចំពោះមរតកវប្បធម៌ ដែលមានទម្រង់ដូចគ្នា ទោះបីជាថៃ បានស្នើសុំចុះបញ្ជីមុនកម្ពុជា នៅអង្គការយូណេស្កូ ក៏កម្ពុជាអាចស្នើសុំចុះតាមក្រោយបានដែរ។ អង្គការយូណេស្កូ មិនបានហាមចំណុចនេះទេ គ្រាន់តែអង្គការនេះលើកទឹកចិត្តឲ្យចុះបញ្ជីរួមគ្នា ចំពោះមរតកវប្បធម៌ ដែលមានទម្រង់ដូចគ្នា ហើយរួមគ្នាថែរក្សាឲ្យគង់វង្ស។
លោកអគ្គនាយកបន្តថា «យូណេស្កូ លើកទឹកចិត្តឲ្យស្នើដាក់មរតកវប្បធម៌អរូបី ដែលមានទម្រង់ស្រដៀងគ្នាក្នុងបញ្ជីតែមួយ ព្រោះមរតកវប្បធម៌ មានឥទ្ធិពលលើគ្នាទៅវិញទៅមក»។
លោក ស៉ីយ៉ុង សុភារិទ្ធ បានគូសបញ្ជាក់ទៀតថា ពាក្យថាមរតកវប្បធម៌អរូបី មិនមែនជារបស់ប្រទេសណាមួយនោះទេ។ មរតកវប្បធម៌អរូបី គឺសហគមន៍ជាអ្នកគ្រប់គ្រង ហើយការស្នើក៏ធ្វើឡើងដោយសហគមន៍ដែរ ដែលពួកគាត់ជាម្ចាស់មរតក ខណៈក្រសួងជួយសម្របសម្រួល។ ដោយឡែក ចំពោះមរតករូបី គឺរាជរដ្ឋាភិបាលជាអ្នកគ្រប់គ្រង ហើយមានក្រសួងជាសេនាធិការ ដូចជាប្រាសាទនានា ដែលនៅទឹកដីនៃប្រទេសមួយ ដែលប្រទេសដទៃមិនអាចប៉ះពាល់បាន។
លោកអគ្គនាយក បានថ្លែងទៀតជាបទពិសោធន៍ថា ឥណ្ឌូនេស៉ី និងម៉ាឡេស៉ី ធ្លាប់ដាក់ក្បាច់គុនស្រដៀងគ្នា គឺ ម៉ាឡេស៉ី ហៅថា Silat ចំណែកឥណ្ឌូនេស៉ី ហៅថា Penca Silat ហើយដែលបញ្ជូលក្នុងឆ្នាំ២០១៩ ដូចគ្នា។ ត្រង់នេះ លោកចង់បញ្ជាក់ថា ប្រទេសមួយអាចដាក់បាន ប្រទេសមួយទៀតក៏អាចដាក់បានដូចគ្នា។ លោក ក៏បានលើកឡើងថា សូម្បីតែល្ខោនខោល ក៏មានទម្រង់ខុសគ្នា ហើយខាងថៃគេក៏ស្នើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ឯកម្ពុជាក៏បានស្នើសុំចុះបញ្ជីនេះដូចគ្នា៕ ដោយ៖សហការី