ខេត្តសៀមរាប៖ នៅថ្ងៃទី ៤ មីនា ២០២៣ អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមសាងសង់ហេដ្ឋារចនាសម្ពន្ធ «ភូមិបេតិកភណ្ឌវប្បធម៌» នៅបរិវេណមុខប្រាសាទអង្គរវត្ត ដែលអាជ្ញាធរជាតិអប្សរាសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងប្រារព្ធខួប១០ឆ្នាំ គ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។
លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងជាសមាជិកក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានឱ្យដឹងថា ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បានទទួលខុសត្រូវក្នុងគម្រោងនៃការរៀបចំកម្មវិធី «ភូមិបេតិកភណ្ឌវប្បធម៌» ដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៤៤ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត។
លោក ទិន ទីណា ឱ្យដឹងថា ក្នុងឱកាសព្រិត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ខាងមុខ ក្រោមប្រធានបទ «ក្តីស្រម៉ៃ និងសង្ឃឹម» សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តសហការជាមួយអាជ្ញាធរជាតិអប្សរា រៀបចំកម្មវិធីដែលមានឈ្មោះ «ភូមិបេតិកភណ្ឌវប្បធម៌» ដើម្បីចូលរួមអបអរសាទរបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរ។
លោក ទិន ទីណា បន្ថែមទៀតថា ភូមិបេតិកភណ្ឌវប្បធម៌នេះ នឹងមានការបង្ហាញពីបេតិកភណ្ឌរូបី និងអរូបី តាមរយៈការបង្ហាញពីបច្ចេកទេសក្នុងការរំលីងថ្មយកមកសាងសង់ប្រាសាទមាននៅតាមចម្លាក់ប្រាសាទបាយ័ន និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋក្នុងរមណីយដ្ឋានអង្គរ រួមទាំងការរំកិលថ្ម។
រីឯបេតិកភណ្ឌអរូបី មានបង្ហាញអំពី របៀបចារសាស្ត្រាស្លឹករឹតដែលជាមរតករបស់អ្នកស្រុកពួក ដែលបង្ហាញពីរបៀបចារ ហើយសាធារណជនអាចសាកល្បងចារបានថែមទៀត បង្ហាញសិល្បៈការស្មូនភាជន៍ ការដាប់ស្បែក ហើយអ្នកទស្សនាអាចរៀនដាប់ឆ្លាក់ចម្លាក់ស្បែក ការផ្តិតសិលាចារិកឬរូបដល់អ្នកទស្សនា និងមានការប្រគំតន្ត្រីរបស់អ្នកភូមិត្បែងព្រមទាំងលែងល្បែងប្រជាប្រិយខ្មែរជាច្រើនដែរ រួមទាំងការតាំងផ្ទាំងព័ត៌មានបង្ហាញសមិទ្ធផលការងារ៣០ឆ្នាំការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោក ទីណា បញ្ជាក់ថា ការរៀបចំភូមិបេតិកភណ្ឌវប្បធម៌ផ្តោតលើគោលគំនិតសំខាន់ៗ ដូចជា ផ្តល់ភាពសប្បាយរីករាយ ផ្តល់ការអប់រំ និងបណ្តុះគំនិតស្មារតីថ្មីៗ និងផ្សព្វផ្សាយពីសមិទ្ធផលស្នាដៃសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា។ ការតាំងបង្ហាញសម្បត្តិបេតិកភណ្ឌទាំងរូបី និងអរូបីទាំងនេះ ដើម្បីបង្ហាញដល់មហាជន បណ្ដុះគំនិតឱ្យបានយល់ដឹងក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាការពារនូវសម្បត្តិបេតិកភណ្ឌជាតិដែលមិនអាចកាត់ថ្លៃបាន៕ ដោយ៖ សូរិយា