ភ្នំពេញ៖ គ្រាដែលសមត្ថកិច្ចនៅមិនទាន់ស្វែងរក អ្នកទម្លាយរូបថតស្រាតរបស់តារាចម្រៀង វ៉ាន់ នីឡា មិនទាន់ឃើញនោះ បានបង្កើតឲ្យមានសារឆ្លើយឆ្លង និងសំណូមពរជាច្រើនពីសិល្បករ។ សារនេះស្ថិតក្នុងគោលបំណងឲ្យស្ថាប័នមានសមត្ថកិច្ចជួយពន្លឺនិតិវិធីក្នុងការស្វែងរកជនទម្លាយរូបស្រាតរបស់តារាចម្រៀងប្រចាំផលិតកម្ម Pleng Record យកមកផ្តន្ទាទោសតាមច្បាប់។
អស់រយៈពេលមួយសប្តាហ៍ហើយដែលលោក សុខ ជំនោរ និងប្អូនស្រីគឺកញ្ញា វ៉ាន់ នីឡាបានចូលទៅឆ្លើយបំភ្លឺបន្ថែមនៅមុខមន្ត្រីនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃប្រយោជន៍ស្នើឲ្យស្វែងរកចាប់ខ្លួនអ្នកទម្លាយរូបថតស្រាតរបស់កញ្ញា វ៉ាន់ នីឡាឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។
ក្រោយលេចចេញរូបភាពអាក្រាតកាយមួយចំនួននេះក្រុមអ្នកហ្វេសប៊ុកភាគច្រើន បានបង្ហាញការអាណិតចំពោះនាង ប៉ុន្តែមួយចំនួនដែលបានឃើញរូបថតអាក្រាតទាំងនេះ គឺធ្វើការរិះគន់ចំពោះនាង ដែលទុកចិត្តសង្សាររហូតដល់ហ៊ានថតរូបភាពមិនសមភ្នែកទាំងនោះនៅពេលល្អូកល្អិនគ្នាផងដែរ។
តារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណាបានស្នើឲ្យសមត្ថកិច្ចពន្លឿន និងយកចិត្តទុកដាក់ចំពោះការស្វែងរកជនសង្ស័យដែលទម្លាយរូបថតរបស់វ៉ាន នីឡា ហើយនាងបានចាត់ទុកការទម្លាយរូបថតនេះគឺជាការជាន់ពន្លិចកិត្តិយសស្ត្រីខ្មែរផងដែរ។ ក្រៅពីនេះនាងក៏បានផ្តល់ការពិភាក្សាមួយជាមួយនឹងសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម ដើម្បីផ្តល់មេធាវីជួយការពារក្តីសម្រាប់តារាចម្រៀងរូបនេះផងដែរ។
ប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច ក៏បានស្នើឲ្យសមត្ថកិច្ច ជួយស្វែងរកយុត្តិធម៌សម្រាប់តារាចម្រៀងវ៉ាន់ នីឡាផង ដោយការស្វែងរកជនបំផ្លាញកិត្តិយសនាងក៏ដូចជាបំផ្លាញកិត្តិយសស្ត្រីទូទៅផងដែរ។ លោករំពឹងទុកដែរថា សមត្ថកិច្ចនឹងអាចស្វែងរកជនបង្កសកម្មភាពអសីលធម៌ និងបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសមនុស្សស្រីនេះដែរ។ ជាមួយគ្នានេះលោកក៏សំណូមពរឲ្យសិល្បករក៏ដូចជាស្ត្រីទូទៅគួរមានការប្រុងប្រយ័ត្នចំពោះការថតរូបដែលមិនគប្បីណាមួយបើទោះបីជារូបថតជាមួយសង្សា ឬស្វាមីក្តីដែលវាអាចនឹងធ្វើឲ្យលេចធ្លាយដោយប្រការណាមួយនាំឲ្យអាប់ឱនកិត្តិយសខ្លួន និងក្រុមគ្រួសារ។ លោកក៏សំណូមពរឲ្យមហាជនមេត្តបញ្ឈប់ការចែកចាយឬរក្សាទុកនូវរូបថតរបស់តារាចម្រៀង វ៉ាន់ នីឡាផងដែរ។
តារាចម្រៀង វ៉ាន់ នីឡាបានបញ្ជាក់លើបណ្តាញទំនាក់ទំនងសង្គមរបស់នាងដែរថា នាងពិតជាទន្ទឹងរងចាំយុត្តិធម៌សម្រាប់នាង។ នាងក៏កំពុងតែព្រួយបារម្ភអំពីសុខសុវត្ថិភាពគ្រាដែលមានជនសង្ស័យគំរាមកំហែងនាងជាច្រើនលើកច្រើនសា ប៉ុន្តែនាងនៅតែជឿជាក់លើសមត្ថកិច្ចក៏ដូចជារដ្ឋាភិបាលកម្ពុជាក្នុងការវែកមុខរកជនបង្កយកមកផ្តន្ទាទោសតាមច្បាប់នៅពេលខាងមុខ។
គួរបញ្ជាក់ដែរថា អតីតសង្សានាងត្រូវបានគេស្គាល់ថា ឈ្មោះ គុយ សិទ្ធិសក្កិ អាយុ២៦ ឆ្នាំ មានតួនាទីជាប៉ូលិសស័ក្ដិបួនកន្លះ និងជាកូនប្រុសមន្ត្រីផ្កាយបីម្នាក់ត្រូវបានវ៉ាន់ នីឡា និងក្រុមគ្រួសារចោទថាជាអ្នកទម្លាយរូបថតជាច្រើន។ ការឈានដល់ការគំរាមកំហែងពីភាគីខាងប្រុស រឿងបញ្ចេញរូបថតអាក្រាតរបស់ប្អូនស្រី ទើបនាំឲ្យមានបណ្ដឹងទុកមុនហើយក្រោយពីការចូលទៅឆ្លើយបំភ្លឺបានមួយថ្ងៃប៉ុណ្ណោះដែលរូបថតទាំងនេះត្រូវបានចែកចាយពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក៕
ដោយ៖ វឌ្ឍនា