ខេត្តពោធិ៍សាត់៖ បុរសម្នាក់ ដោយសារតែតូចចិត្ដរឿងជំងឺខូចក្រលៀន គ្មានលទ្ធភាពដើម្បីព្យាបាលជំងឺរបស់ខ្លួនបន្តទៀត ក៏បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ជាមួយកូនប្រុសអាយុ៤ឆ្នាំ ដែលគួរឱ្យស្រឡាញ់ និងទៅចោលប្រពន្ធ ព្រមទាំងបន្សល់ទុកសំបុត្រមួយសន្លឹកផ្ដាំផ្ញើឱ្យជួយមេីលម្ដាយផង។
សូមជម្រាបជូនថា ករណីធ្វើអត្តឃាតខាងលេីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ ស្ថិតភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា បុរសម្នាក់ធ្វើអត្តឃាតដោយខ្លួន ជាមួយកូនប្រុសនោះឈ្មោះ ហុង ចំរើន អាយុ៣៥ឆ្នាំ ខណៈកូនប្រុសអាយុ៤ឆ្នាំ ឈ្មោះ ចំរើន បញ្ញា។ ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ចំពោះការបញ្ចប់ជីវិតខ្លួនឯង ជាមួយកូនប្រុសនេះ បុរសខាងលើក៏បានបន្សល់ទុកសំបុត្រសរសេរដៃមួយសន្លឹកផងដែរ ដោយបញ្ជាក់អំពីមូលហេតុដែលគាត់សម្រេចចិត្តគិតខ្លី និងសុំទោសប្រពន្ធ ព្រមទាំងក្រុមគ្រួសារ។
ដោយឡែកនៅក្នុងសំបុត្រដែរបន្សល់ទុកនោះ បានបញ្ជាក់ថា ការបញ្ចប់ជីវិតនេះដោយសារតែខ្លួនគ្មានលទ្ធភាពព្យាបាលជំងឺខូចក្រលៀន ដែលគ្រូពេទ្យតម្រូវឱ្យលាងឈាម ក្នុងមួយសប្ដាហ៍ ២-៣ដង៕ដោយ៖សហការី