ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនអត់ឱនឱ្យនរណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ បញ្ជាក់ថា កម្ពុជាត្រូវតែរក្សាសុខសន្តិភាពនេះឱ្យបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់បរទេសខ្លះ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ សូមកុំបង្កើតកំហុស និងសោកនាដកម្មជាថ្មីមកលើប្រទេសកម្ពុជា។ សម្តេចបញ្ជាក់ថា «ខ្លួនជាប្រទេសជាប្រជាធិបតេយ្យ សេរី បែរជាគាំទ្រសកម្មភាពរដ្ឋប្រហារ ,ខ្មែរក្រហម និងបដិវត្តន៍នៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា គិតត្រឹមថ្ងៃទី០៦ខែមីនា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៦០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។
សម្តេចតេចជោ ហ៊ុន សែន បានប្រកាសថា ក្នុងស្ថានភាពកូវីដ-១៩ ការសិក្សាអប់រំ បណ្តុះបណ្តាល ត្រូវបានធ្វើឡើងតាមរបត់ថ្មី ជាពិសេសតាមអនឡាញ។ទោះជាបែបនេះក្តី ដំណើរការបណ្តុះបណ្តាលនៅតែបន្ត រហូតដល់កម្ពុជាអាចមានលទ្ធភាពបើកប្រទេសឡើង និងដំណើរការប្រក្រតីភាព នៃការអប់រំបណ្តុះបណ្តាល។
ជាមួយនេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសកោតសរសើរដល់វិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបានប្រឹងប្រែង ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សវិជ្ជាជីវៈ និងនិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិត បរិញ្ញាបត្រជាន់ខ្ពស់ ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ខណៈ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត២ពាន់នាក់ នៅព្រឹកថ្ងៃចន្ទទី៦ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាបានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋគ្រប់រូប ដែលពេលនោះយើងហៅថា «ចាក់ស្រោចវ៉ាក់សាំង» ដែលពេលនេះសម្តេចសូមហៅថា «មុជវ៉ាក់សាំង»តែម្តង ដែលធ្វើឱ្យកម្ពុជា មានលទ្ធផលបើកប្រទេសឡើងវិញ ដំណើរការសង្គម និងសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះ៕
ដោយ : សិលា