សម្តេចតេជោ ៖ សូមកុំតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែបែរជាគាំទ្រសង្គ្រាមទៅវិញ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន័ ផ្តាំផ្ញើដល់បរទេសទាំងឡាយថា « សូមកុំបង្កសង្គ្រាមកម្ពុជាបន្តទៀត ! សូមកុំតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែបែរជាគាំទ្រសង្គ្រាមទៅវិញ»។
សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា ក្រុមបរទេសមួយចំនួននោះ សូម្បីតែរឿងកំពង់ផែសមុទ្ររាម បែរជាក្លាយទៅជាកង្វល់របស់ពួកគេ ដោយពួកគេបានបង្ហាញនៅភាពអសន្ដិសុខរបស់ខ្លួន ប៉ុន្ដែពួកគេមិនដែលខ្វល់ពីកម្ពុជានៅអំឡុងពេលរងគ្រោះដោយសារសង្គ្រាមឡើយ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមគិតគូរ ប្រុងប្រយ័ត្នខ្ពស់បញ្ហាសុខភាព ខណៈដែលពិភពលោកកំពុងមានការប្រែប្រួលអាកាសធាតុ ដែលនាំដោយមានជំងឺច្រើន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ខណៈ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត២ពាន់នាក់ នៅព្រឹកថ្ងៃចន្ទទី៦ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន ប្រកាសដាស់តឿនដល់ជនមួយចំនួន ដែលមានចេតនាចង់បង្កសង្គ្រាមនៅកម្ពុជា។ សម្តេចប្រកាសមិនអត់ឱនឱ្យនរណាក៏ដោយ មិនថា ខ្មែរ ឬបរទេសឡើយ ដែលចង់បង្កសង្គ្រាម និងបំផ្លាញសុខសន្តិភាពនៅកម្ពុជា។ សម្តេចបញ្ជាក់ថា «កម្ពុជាមានសង្គ្រាមឆ្អែតឆ្អន់ហើយ…»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា បានឆ្លងកាត់វាល៣ ដែលជាទុក្ខលំបាក ក្នុងនោះមាន វាលទី១ គឺវាលសង្គ្រាម វាលទី២ គឺវាលអត់ឃ្លាន ដូចជាជំនាន់ ប៉ុល ពត ពលរដ្ឋស្លាប់ព្រោះអត់ឃ្លាន ប៉ុន្ដែកម្ពុជាបានឆ្លងផុតរួចហើយ។ ប៉ុន្ដែវាលទី៣ គឺជំងឺឆ្លង ដែលកម្ពុជាកំពុងហែលឆ្លង ពីព្រោះបញ្ហាជំងឺនេះ បានកើតឡើងជាបន្តបន្ទាប់ រាប់ចាប់តាំងពីជំងឺផ្ដាសាយបង្សី ជំងឺសាជ្រូក និងជំងឺកូវីដ-១៩ ជាដើម ដែលវាបានបំប្លែងខ្លួនជាបន្តបន្ទាប់៕

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print