ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យខ្ទាតចេញពីជួរមួយកង់ ចំណែករថយន្ដខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើនៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី០៦ខែមីនាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចភ្លើងស្តុបអូរតែលស ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកHILUX REVO ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខរដ្ឋ10 2-2277 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុមិនដឹងថាមានបញ្ហាអ្វីទេស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបែកបាក់ខ្ទាតចេញពីជួរអស់មួយកង់ ចំណែកឯរថយន្តបង្កខូចខាតផ្នែកខាងមុខ តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួស ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារថ្មីទី២ បានចុះមកដល់រួចក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ ជ្រោយពេជ្រ