នៅព្រឹកនេះ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៦ ខ្ញុំ បានចូលរួមក្នុងសិក្ខាសាលាសភា ដើម្បីស្វែងយល់ពី “ការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧” នៅវិមានរដ្ឋសភា។
សិក្ខាសាលាថ្ងៃនេះ ជាវេទិកាមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់ គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសម្រាប់សមាជិក សមាជិកា ព្រឹទ្ធសភា និងរដ្ឋសភា ក្នុងការទទួលបាននូវព័ត៌មាន និងចំណេះដឹងអំពីដំណើរការវិវឌ្ឍន៍កាលានុ វត្តភាពនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល សម្រាប់យកទៅសិក្សា វិភាគ និងវាយតម្លៃ សម្រាប់ធ្វើការសម្រេចចិត្តក្នុងពេលអនុម័តច្បាប់ថវិកាជាតិ នាពេលខាងមុខ ឲ្យទទួលបាននូវគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គម។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបានសមិទ្ធផលធំធេង និងគួរឲ្យកត់សម្គាល់ តួរយ៉ាងការកំណត់គោលដៅក្នុងការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ដែលជាមធ្យមកំណើនស្ថិតក្នុងរង្វង់ ៧ភាគរយ ជាប់ៗគ្នា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសទី៦ ក្នុងចំណោមឯកទគ្គករកំណើនទាំង៨ នៅលើពិភពលោក និងធ្វើឲ្យកម្ពុជា ទទួលបាន ចំណាត់ថ្នាក់ជាប្រទេសជោគជ័យបំផុតទី៤ លើពិភពលោកក្នុងការកាត់ បន្ថយភាពក្រីក្រ និងប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រ ឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងទាញកម្ពុជាឲ្យក្លាយជាកូនខ្លាមួយនៅអាស៊ី។ ការពិតណាស់ លទ្ធផលទាំងនេះ វាជាបេសកកម្មដ៏លំបាកមួយ និងមានបញ្ហា ប្រឈមនានា ទាំងខាងក្នុង និងខាងក្រៅ រួមមានការប្រកួតប្រជែង ក្នុងតំបន់និងពិភពលោក ការវាទទីសេដ្ឋកិច្ចពីសំណាក់ប្រទេសអ្នកមាន មកលើប្រទេសក្រីក្រ ពិសេសហានិភ័យ នៃគ្រោះធម្មជាតិ ភាពរាំងស្ងួត ដែលពិភពលោកនិងកម្ពុជាជួបប្រទះក្នុងឆ្នាំ២០១៦នេះ ។
ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ និងវិស័យឯកជនបន្តគាំទ្រ និងសហការគ្នា ឲ្យកាន់តែជិតស្និទ្ធក្នុងភាពជា ដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមកម្ពុជាឲ្យ កាន់តែមាន ភាពរីកចម្រើន ជីវភាពប្រជាជនកាន់តែប្រសើរឡើង៕
ដោយ៖ សហការី