មន្ទីរសាធារណការរាជធានីភ្នំពេញ : ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សាងសង់បាន ៦២ភាគរយ ហើយនឹងរួចរាល់នៅចុងឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ធផលបាន ៦២ភាគរយ ហើយនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ។ ស្ពានខ្សែកាបនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្ស។ នេះជាការបញ្ជាក់អោយដឹង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នេះ។

សូមបញ្ជាក់ថា, ស្ពានបេតុងខ្សែកាបនេះ ឆ្លងកាត់ទន្លេបាសាក់តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤,៥០ម៉ែត្រ និងគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១ ៦០៦ ៣៥៣ ដុល្លាអាមេរិក។

គួរឱ្យដឹងដែរថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានខ្សែកាបនេះកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ហើយសម្តេចបានលើកឡើងថា នៅពេលសាងសង់រួច ស្ពាននេះនឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។

សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នផងដែរ ។ 

បើតាម លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានបញ្ជាក់ថា, រាជធានីភ្នំពេញក្រោមម្លប់សន្តិភាពមានអគារខ្ពស់ៗជាង ១៦០០អគារ និងសំណង់បុរី បណ្ដុំផ្ទះល្វែងមានជាង៣០០កន្លែង​ (ទិន្នន័យឆ្នាំ២០២២)។ 

លោកបន្តថា, គិតត្រឹមថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ធផលបាន ៦២% ។ 

តាមផែនការ​ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ។

ស្ពាននេះ ជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២។ លោកបញ្ជាក់ថា, នេះជាការផ្តល់ព័ត៌មានពី  អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print