តំណាងអយ្យការ ! បញ្ចប់ដំណើរការបើកការស៊ើបសួរសំណុំរឿងប្ដីបាញ់សម្លាប់ប្រពន្ធដែលមានកូនក្នុងផ្ទៃ៤ខែ នៅខណ្ឌដង្កោ និងចោទប្រកាន់៤បទល្មើស

ចែករំលែក៖

ភ្នំពេញ ៖ មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នីតិវិធីបន្តតំណាងអយ្យការ លោក ហេង ផេង បានធ្វើសេចក្តីសន្និដ្ឋានបញ្ជូនរឿងទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចលើសំណុំរឿងជនត្រូវចោទ ដែលបាញ់សម្លាប់ប្រពន្ធ មានផ្ទៃពោះ៤ខែ ក្នុងថ្លុកឈាម។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ហេង ផេង នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ  បានបញ្ចប់ដំណើរការបើកការស៊ើបសួរ លើជនដៃដល់ដែលបានបាញ់សម្លាប់ប្រពន្ធដែលមានកូនក្នុងផ្ទៃ៤ខែ នៅសង្កាត់រលួស ខណ្ឌដង្កោ បានសម្រេចចោទប្រកាន់ឈ្មោះ យ័ន គុយហេង អាយុ៣០ឆ្នាំ ពីបទឃាតកម្មស្ថានទម្ងន់ទោស, បទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន។

សូមរំលឹកថា ស្ដ្រីម្នាក់ដែលមានកូនក្នុងផ្ទៃ៤ខែ ត្រូវបានប្ដីបាញ់សម្លាប់ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ចំណុចផ្ទះល្វែងភូមិកណ្ដាល នៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ហើយជនដៃដល់បានរត់គេចខ្លួនក្រោយធ្វើសកម្មភាព ប៉ុន្ដែប៉ុន្មានម៉ោងក្រោយមកបានចូលសារភាពកំហុស នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ធ្វើកំណត់ហេតុ ស្តាប់ចម្លើយ តាមនីតិវិធី។ 

សូមបញ្ជាក់ថា,  កាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់អ្នកសារព័ត៌មា ន ឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ម៉ៃ គន្ធា អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ខណៈជនដៃដល់ជាប្ដីឈ្មោះ យ័ន គុយហេង អាយុ៣០ឆ្នាំ មុខរបរអ្នកគួកជេររថយន្ដ ស្នាក់នៅផ្ទះកើតហេតុ។

បើតាមលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង បន្ទាប់ពីកើតហេតុភ្លាម ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាន បានចុះសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវ ប៉ុន្ដែពេលកំពុងស្រាវជ្រាវនោះ ជនដៃដល់ជាប្ដី បានចូលសារភាពកំហុសតែម្ដង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ នៅចំពោះមុខកម្លាំងសមត្ថកិច្ចជំនាញ ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនបាញ់សម្លាប់ប្រពន្ធ គឺដោយសារតែរឿងប្រច័ណ្ឌ។

ដោយឡែក នៅទីតាំងកើតហេតុ សមត្ថកិច្ចរកឃើញសំបកគ្រាប់កាំភ្លើងចំនួន៣សំបក, គ្រាប់កាំភ្លើងចំនួន៣៣គ្រាប់, បង់កាំភ្លើងចំនួន២, ក្បាលគ្រាប់កំពិត១ និង បំណែកសំណរក្បាលគ្រាប់ (ពណ៌ទង់ដែង និងពណ៌ទឹកប្រាក់) ព្រមទាំងសម្ភារមួយចំនួនទៀត។ ក្រោយពិនិត្យសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ 

តាមដំណើររឿង កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ យ័ន គុយហេង បានស្គាល់ឈ្មោះម៉ៃ គន្ធា ភេទស្រី អាយុ៣៦ឆ្នាំ ហើយក៏បានរស់នៅជាមួយគ្នាដោយមិនបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ រហូតឈ្មោះម៉ៃ គន្ធា មានកូនក្នុងផ្ទៃពោះចំនួន០៤ខែ លុះនៅក្នុងឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ យ័ន គុយហេង និង ឈ្មោះម៉ៃ គន្ធា រស់នៅមិនចុះសម្រុងនឹងគ្នា ។ ទើបនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក ដោយ ការរស់នៅមិនចុះសម្រុង ជនសង្ស័យឈ្មោះ យ័ន គុយហេង បានរើឥវ៉ាន់ចេញពីផ្ទះលេខ១៦៨ បុរីគួរស្រូវ៣ ផ្លូវ KS03 សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនោះឈ្មោះម៉ៃ គន្ធា បាននិយាយបញ្ជីចិត្តជនសង្ស័យ រួចជនសង្ស័យក៏ប្រច័ណ្ឌ ភ្លាមនោះជនសង្ស័យបានយកអាវុធខ្លី ម៉ាកប៉េអាកុល បាញ់ចំនួន០៣គ្រាប់ លើឈ្មោះម៉ៃ គន្ធា ចំក្បាលបណ្តាលឱ្យស្លាប់ នៅក្នុងផ្ទះកើតហេតុខាងលើ ។ ភ្លាមនោះជនសង្ស័យបើករថយន្តម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BM-0667 ជិះទៅប្លុងចោលនៅម្ដុំស្ពានអាកាស ផ្លូវជាតិលេខ២ រួចហៅតុកៗ ជិះមកស្ពានច្បារអំពៅ ហើយក៏បានបោះកាំភ្លើងខ្លីចូលក្នុងទឹកទន្លេ បន្ទាប់មកជនសង្ស័យក៏បានចូលសារភាព ទទួលកំហុសនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រួចសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរ តែម្តង បន្ទាប់មកសមត្ថកិច្ចចុះទៅដល់ទីតាំងផ្ទះកើតហេតុខាងលើ រកឃើញក្រាមពណ៌សថ្លា ទម្ងន់ ១៩៨៣,៥៥ក្រាម (មេតំហ្វេតាមីន), ក្រាមពណ៌ស ទម្ងន់ ៣៣១,៥០ក្រាម (កេតាមីន) និងរុក្ខជាតិទម្ងន់ ៤១,៤២ក្រាម ។ សមត្ថកិច្ច បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនក្នុងខ្លួនលើជនសង្ស័យឈ្មោះ យ័ន គុយហេង ជាលទ្ធផលបង្ហាញថា វិជ្ជមាន “មានសារធាតុញៀន” រួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ចូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

ការប្រព្រឹត្តនេះជា បទឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ បទកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៦៨ បុរីគួរស្រូវ៣ ផ្លូវKSO3 សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៣ តាមមាត្រា ២០២ និងមាត្រា ៤៩០ ក្រមព្រហ្មទណ្ឌ មាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ។

ជនត្រូវចោទ កំពុងស្ថិតក្នុងដំណាក់កាល ចៅក្រមស៊ើបសួរ តាមនីតិវិធី ៕

ដោយ : រ៉ា រ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print