ខេត្តស្វាយរៀង: យ៉ាងហោចណាស់ក៏មានមនុស្សបីនាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបើកបុករះម៉ូតូពីរគ្រឿងដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងថ្ងៃរសៀល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០៦ខែមីនាឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៣និង១៣៤ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា ភាគីររងគ្រោះមានឈ្មោះ ប៉ែន សារិន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ(របួសធ្ងន់) អ្នករួមដំណើរឈ្មោះជា ធីដា ភេទស្រី៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ (រងរបួសធ្ងន់) អ្នកទាំងពីររស់នៅភូមិកញ្ឆែត ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាសេ៊រីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១B-១៨៧២ខូចខាតទាំងស្រុង។
ចំណែកភាគីម៉ូតូរងគ្រោះម្ខាងទៀតមានឈ្មោះព្រំ ផានិត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិស្វាយរូង ឃុំចក ស្រុករំដួល ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FA-៣៦៥០។
ចំពោះរថយន្តបង្កហេតុម៉ាកឡិចស៊ីស RX៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AQ-៣៨០៣ ខណៈដែលអ្នកបើកបររថយន្ត(មិនស្គាល់អត្តសញ្ញាណ)បានរត់គេចខ្លួនពីកន្លែងកើតហេតុ។
តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តបង្កហេតុម៉ាកឡិចស៊ីស RX-៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AQ-៣៨០៣មួយគ្រឿង នៅលើផ្លូវជាតិលេខ១ ហើយបានបើកវ៉ាជែងខ្វះការប្រុងប្រយ័ត្នក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ៊រី ឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១B-១៨៧២ ជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងរួចបន្តទៅបុកម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅស្លាកលេខភ្នំពេញ1FA-៣៦៥០ជិះម្នាក់ឯងបណ្ដាលអោយដួលទៅលើផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតែម្ដង។
ក្រោយមកអ្នករងរបួសធ្ងន់ត្រូវបាន
បញ្នូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង រីឯមធ្យោបាយទាំងបីគ្រឿង សមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់៕ ដោយ៖ សុថាន