ខេត្តព្រះសីហនុ៖ ដើម្បីភាពងាយស្រួលដល់ប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច រាល់មានបញ្ហាផ្សេងៗកើតឡើង ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម និងប្រជាការពារភូមិកោះរ៉ុងសន្លឹម បានចុះបិទ លេខទូរសព្ទ័ Hot line តាមខ្នងផ្ទះ។
សូមជម្រាបថា ជារៀងរាល់យប់កម្លាំងចំណុះរបស់អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង និងកម្លាំងប៉ុស្តិ៍ទាំង២សង្កាត់ ប្រចាំបញ្ជា និងល្បាតនៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង។
ដោយឡែកលោកវរសេនីយ៍ឯក ឌិន លីក្រូ ស្នងការរងផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ នាពេលរាត្រីតែងតែដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
គួរបញ្ជាក់ថា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះដែរ បានចុះផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅតាមបណ្តាក្លឹបកំសាន្ត និងខារ៉ាអូខេ នៅក្នុងក្រុងព្រះសីហនុ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ៕ ដោយ៖សហការី