ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធពិធីអបអរសាទរទិវានារី អន្តរជាតិ ៨មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន មានដូចខាងក្រោមនេះ៖
សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ ដែលបានរួមចំណែកគាំទ្រ លើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈតួនាទី សុខុមាលភាពស្រ្តីនៅកម្ពុជា ក៏ដូចជានៅលើឆាកអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន គាំទ្រលើមូលបទ «ស្រ្តីរួមគ្នារក្សា សុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ដែលពិតជាមានអត្ថន័យ និងសារៈសំខាន់ ក្នុងបរិការណ៍កម្ពុជា ចាំបាច់ត្រូវការការថែរក្សាឱ្យបាននូវសន្តិភាពនិង ស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងធានាសុខុមាលភាព និងការរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនា។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សប្បុរសជនចូលរួមជួយសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្ត្រីនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ហិង្សាកម្រកើតចេញពីស្ត្រីណាស់ ផ្ទុយទៅវិញ គឺកើតចេញពីបុរស។ សម្តេចតេជោ ថ្លែងបន្តថា ស្វាមី-ភរិយា ចាំបាច់អីត្រូវប្រើហិង្សាដាក់គ្នា។
សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ឃើញថា បន្ទាប់ពីការអំពាវនាវរបស់សម្តេច ការហែកកេរ្តិ៍គ្នារវាងស្វាមី ភរិយា ដែលបែកបាក់គ្នាលើបណ្តាញសង្គមមានការធ្លាក់ចុះ។ សម្តេចតេជោ បន្តអំពាវនាវដល់ស្វាមី ភរិយា ដែលបែកបាក់គ្នាកុំហែកកេរ្តិ៍គ្នាតាមបណ្តាញសង្គម ត្រូវទុកកិត្តិយសឱ្យគ្នា ជាពិសេសកូនៗ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្វីដែលយើងត្រូវធ្វើដើម្បីអំណាចស្ត្រីនោះ គឺត្រូវធ្វើយ៉ាងម៉េចឱ្យស្ត្រីមានកម្រិតសេដ្ឋកិច្ចល្អប្រសើរ ព្រោះកត្តាសេដ្ឋកិច្ចនេះ គឺជាការសម្រេចដ៏ធំរបស់ស្ត្រី។
សម្តេចតេជោ ថ្លែងថា កិច្ចការដែលត្រូវបន្តនោះ គឺត្រូវពង្រឹង និងបង្កើតឱ្យមានអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីឱ្យបានកាន់តែច្រើន។ សម្តេចក៏បានអំពាវនាវដល់សប្បុរសជនជួយគាំពារ ដើម្បីអាចបង្កើតអន្តេវាសិកដ្ឋានតាមកម្រិតមធ្យមសិក្សា និងថ្នាក់ឧត្តមសិក្សា។
សម្តេចតេជោ ថ្លែងថា គោលដៅធំ និងជាអាទិភាពដែលរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវធ្វើ គឺត្រូវការពង្រឹងអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចឱ្យបានកាន់តែធំធេងថែមទៀត តាមរយៈការពង្រឹងអំណាចដល់ស្រ្ដីនូវគ្រប់ការងារជាពិសេសអំណាចគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការព្រួយបារម្ភចំពោះទម្ងង់ នៃអំពើហិង្សា ដែលមានស្ថានភាពធ្ងន់ធ្ងរ រហូតដល់បុរសជាប្តីបាញ់សម្លាប់ប្រពន្ធ កាលពីពេលថ្មីៗនេះ និងទម្រង់ហិង្សាផ្សេងៗទៀត។
សម្តេចតេជោ បានលើកឡើង ពីការហែកហួរគ្នារវាងប្តី-ប្រពន្ធ លែងលះគ្នាតាមបណ្តាញសង្គមFacebook ដែលជារឿងអាម៉ាសបំផុត មិនត្រឹមតែបុគ្គលទាំងសងខាងនោះទេ វាបានជះឥទ្ធិពលធ្ងន់ធ្ងរដល់កូនៗ និងក្រុមគ្រួសារ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមគ្រួសារទាំងឡាយ បើសិនជាក្រុមគ្រួសាររស់នៅមិនចុះសម្រុងជាមួយគ្នា ត្រូវដោះស្រាយគ្នាដោយសន្ដិវិធី ដើម្បីរក្សាកិត្តិយសគ្រួសារ និងសីលធម៌នៅក្នុងសង្គម។
សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់បណ្ដាតំណាងស្ថានទូត និងបរទេសមួយចំនួនថា តើបានដឹងទេថា នាអំឡុងពេលដែលគ្រួសារសម្ដេចតេជោ និងភរិយាសម្ដេចកំពុងសម្រក់ទឹកភ្នែក បែរជាមានជនអាក្រក់នៅក្រៅប្រទេសមួយចំនួនមកប្រមាថដល់ភរិយា និងគ្រួសារសម្ដេចទៅវិញ តើរឿងនេះអស់លោកបរទេសអាចទទួលយកបានទេ?
សម្តេចតេជោ ហ៊ុន សែន ថ្លែងជាថ្មីម្តងទៀតថា សម្ដេចនឹងគ្មានថ្ងៃប្រើប៊ិចដើម្បីចុះហត្ថលេខា ស្នើសុំការលើកលែងទោសដល់ជនអាក្រក់ដែលប្រមាថដល់ក្រុមគ្រួសាររបស់សម្ដេចដាច់ខាត។
សម្តេចតេជោ ថ្លែងថា កាលពីថ្ងៃទី០៦ ខែមីនា សម្ដេចបានចុះហត្ថលេខា ទៅលើការផ្ដល់ប្រាក់ឧបត្ថម្ភចំពោះស្ថានភាពដែលរោងចក្រត្រូវបានព្យួរ ដែលក្នុងនោះកម្មករប្រមាណ ៣២០០០ នាក់ ក្នុងនោះមានស្រ្ដី ២៦០០០ នាក់ នឹង ទទួលបានប្រាក់ឧបត្ថម្ភដូចអំឡុងសម័យកាលកូវីដ-១៩ដែរ។
សម្តេចតេជោ ថ្លែងថា គណៈរដ្ឋមន្ត្រីអាណត្តិទី៧ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារី នឹងមិនត្រូវផ្លាស់ប្តូរឡើយ។
សម្តេចតេជោ ថ្លែងថា យោងតាមការស្ទង់មតិដោយឯករាជ្យមួយបានបញ្ជាក់ថា អត្រារបស់ស្ត្រីគាំទ្រសម្តេចតេជោ ហ៊ុន សែន មានចំនួនច្រើនជាងបុរស។
សម្តេចតេជោ ថ្លែងជាថ្មីម្តងទៀតថា៖ «ជួយស្ត្រី គឺជួយខ្លួនឯង»។ ជួយប្រពន្ធ ជួយបងស្រី ជួយប្អូនស្រី ជួយកូនស្ត្រី និងជួយស្ត្រីឯទៀត គឺជួយខ្លួនឯង៕ដោយ៖ស តារា